(សៀមរាប)៖ ភាគីជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួង ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានសហការជាមួយរដ្ឋបា លខេត្តរៀមរាប រៀបចំក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃអាស៊ាន។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុង សៀមរាបខេត្តសៀមរាបដែលបានសហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានការចូលរួមដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត លោក Asuka Tsuboike តំណាងទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសជប៉ុន លោក Kei Masuda ប្រធានលេខាធិការដ្ឋាន រដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងតំណាង អាជ្ញាធរជាតិអប្សារា ព្រមទាំងអស់នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្តជាច្រើននាក់។
ឯកឧត្តម ទៀ សីហា បានថ្លែងថា បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃ បណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្ត សៀមរាប ក៏ដូចជារដ្ឋ បាលក្រុងសៀមរាបបានរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណងាយស្រួលជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ) និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងរដ្ឋបាលខេត្តសៀម រាបនាពេលនេះ។
ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឱ្យស្របតាម ផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជា សំណើ ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំ ជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប កាលពីឆ្នាំ ២០១៩ កន្លងទៅ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាបរួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុង រយៈពេលជាងមួយឆ្នាំកន្លងមកនេះគឺបានរៀបចំជាសេចក្តីព្រាងផែនការចង្អុលផ្លូវសម្រាប់ការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានជួយក្នុង ការសិក្សាជាផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបផងដែរ។
ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺផ្តោតការ សិក្សាលើគម្រោងចំនួន២ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។
ស្របតាមការស្នើសុំពីខេត្តសៀមរាបនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេស ចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះ ហើយ នឹងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារមកសិក្សាស្រាវជ្រាវ បន្ទាប់ពីភាគីរដ្ឋ បាលខេត្តសៀមរាប និងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេស ជប៉ុន បានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិន មានការរង់ចាំឡើយ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណា ក៏ដោយ៕