(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ការទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់ក្រុមតា លីបង់ នៅត្រូវរង់ចាំមើលសិនថា តើពួកគេពិតជាបានគោរពតាមពាក្យសន្យា ឬប្រព្រឹត្តទង្វើដែល ស័ក្តិសម នឹងទទួលបានការគាំទ្រនេះដែរ ឬក៏យ៉ាងណា។
តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្មាន ម៉ោងក្រោយជើងយន្ដហោះអាមេរិកចុងក្រោយបំផុត ចាកចេញពីរដ្ឋធានីកាប៊ុល ជានិមិត្តរូបនៃការ បញ្ចប់ជាផ្លូវការនូវ សង្រ្គាមរយៈពេល ២០ឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថាន លោក Antony Blinken ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមតាលីបង់ត្រូវតែគោរព និងអនុវត្តតាមពាក្យ សន្យារបស់ពួកគេ ក្នុងការផ្ដល់សិទ្ធិសេរីភាពនៃការធ្វើដំណើរ, គោរពសិទ្ធិស្ត្រី និងជនជាតិដើម ភាគតិច ហើយមិនត្រូវអនុញ្ញាតឱ្យអាហ្វហ្កានីស្ថាន ក្លាយជាមូលដ្ឋានរបស់ពួកភេរវករជាដាច់ខាត។
សូមជម្រាបថា សហរដ្ឋអាមេរិកបច្ចុប្បន្នបានផ្អាកបេសកកម្មការទូត នៅក្នុងរដ្ឋធានីកាប៊ុលជា បណ្ដោះ អាសន្ន ចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះតទៅ ហើយផ្ទេរប្រតិបត្តិការការទូតនេះទៅ ប្រទេសកាតា៕