រដ្ឋមន្ត្រីបរិស្ថានកម្ពុជាបានលើកឡើងថា សុខសន្តិភាព ជាកត្តាមិនអាចខ្វះបានក្នុងការគ្រប់គ្រង បរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា «សុខសន្តិភាព គឺ ជាកត្តាដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាល បាននិងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការ វិនិយោគចម្បងៗដែលអាចជំរុញកំណើនសេដ្ឋកិច្ចបានឆាប់រហ័ស»។

ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានធ្វើឡើង អំឡុងពេលជួប ប្រជុំពិភាក្សាការងារជាមួយ លោក James Larsen អ្នកសម្របសម្រួលកិច្ចការប្រែប្រួលអាកាស ធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

កិច្ចប្រជុំដែលផ្តោតសំខាន់លើទស្សនៈវិស័យរបស់ប្រទេសអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ។

លោក James Larsen បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ ដែលបានឆ្លៀត ពេលដ៏មមាញឹក ដើម្បីពិភាក្សាកិច្ចការងារប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់ថា ប្រទេស អូស្រ្តាលី បានផ្តល់ការគាំទ្រជាច្រើនដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ រួមមានប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។

ចំពោះសន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសអូស្រ្តាលី គាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំកិច្ចប្រជុំ ទល់មុខគ្នា ដែលផ្តលឱកាសដល់គ្រប់រដ្ឋជាសមាជិកបានជជែកគ្នាដោយផ្ទាល់។

លោកបានបន្តថា ប្រទេសអូស្រ្តាលី បានផ្តួចផ្តើមឱ្យមានពិភាក្សាគ្នាអំពីការផលិតអគ្គីសនីដោយ ប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែន នៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជា ជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅ កម្រិតសូន្យនៅឆ្នាំ២០៥០។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវស្វាគមន៍ចំពោះការលើកឡើងរបស់ ភាគីអូស្រ្តាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកល។

រដ្ឋមន្រ្តី សាយ សំអាល់ បានលើកជាសំណើ២ រួមមានទី១៖ បង្កើតមជ្ឈមណ្ឌល់ចែករម្លែកពត៌មាន អំពីថាមពលឧស្ម័នអ៉ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវ របស់ប្រទេសកម្ពុជានិងប្រទេសអូស្រ្តាលី និងទី២៖ បង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី៕