(អឺរ៉ុប)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា សហភាពអ៊ឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានផ្តល់អនុសាសន៍ដល់ ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដាក់ចេញនូវវិធានការរឹតត្បិតលើការធ្វើដំណើរឡើងវិញ ចំពោះអ្នក ទេសចរមកពីសហរដ្ឋអាមេរិក ដោយសារការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំង ប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ។
ក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលតំណាងឱ្យរដ្ឋាភិបាលប្រទេសជាសមាជិកចំនួន ២៧ បានប្រកាសថា ខ្លួនកំពុង ដកប្រទេសចំនួន ០៦ ចេញពីបញ្ជីដែលត្រូវបានលើកលែង ពីវិធានការរឹតបន្តឹងលើការធ្វើដំណើរ ដែលមិនចាំបាច់ ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ប្រទេសអ៊ីស្រាអែល, កូសូវ៉ូ, លីបង់, ម៉ុងតេណេហ្គ្រោ, សាធារណ រដ្ឋម៉ាសេដូនីខាងជើង រួមទាំងសហរដ្ឋអាមេរិក គឺត្រូវបានដកចេញពីបញ្ជីនៃការលើកលែងការរឹត ត្បិតហើយ»។
ការសម្រេចចិត្តដោយអឺរ៉ុបខាងនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេមើល ឃើញថា បានសម្រេចការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរួចទៅហើយ ប៉ុន្តែចំនួនករណីនៅក្នុងប្រទេស នេះ បានកើនឡើងដោយសារវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ហើយប្រជាជនជាច្រើនទៀតរបស់ប្រទេសនេះ នៅតែបដិសេធមិនទទួលការចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ ដល់ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដកវិធានកា ររឹតបន្តឹងលើការធ្វើដំណើរ ដែលមិនចាំបាច់ពីសហរដ្ឋអាមេរិកចេញ កាលពីខែមិថុនាកន្លងទៅនេះ មុនពេលរដូវទេសចរណ៍ (រដូវក្តៅ) ឈានមកដល់៕