ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងវិស័យច្បាប់ និងតុលាការតាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាង ឯកឧត្តម រដ្ឋមន្រ្តី កើត រិទ្ធិ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយ លោក Pradeep Wagle តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងក្រសួង យុត្តិធម៌ និង OHCHR ក្នុងវិស័យច្បាប់ និងតុលាការ តាមប្រព័ន្ធវីដេអូ Conference (Spype for business)។

កិច្ចប្រជុំនេះ បានពិភាក្សា និងពិនុត្យលើកិច្ចសហប្រតិបត្តិការចំនួន០៣រួមមាន៖

*ទី១៖ ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមលាសាដំបូងរាជធានីខេត្ត និងការ ផ្តល់ជំនួយបច្ចេកទេសលើការងារនេះ

*ទី២៖ ការរៀបចំផែនការនៃការសិក្សា វាយតម្លៃ និងផ្សព្វផ្សាយបន្ថែម លើការអនុវត្តគម្រោងរូប មន្តនៃការឃុំខ្លួនបណ្តោះអាសន្ន នៅតាមតុលាការ

*ទី៣៖ កិច្ចសហការក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្តភាពមន្រ្តីក្នុងវិស័យយុត្តិធម៌៕