(បាងកក)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រុមបាតុករជាងមួយពាន់នាក់ នៅឯប្រទេសថៃ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស កំលុងការប្រមូលផ្តុំគ្នាតវ៉ាមួយ ក្នុងទីក្រុងបាងកក។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។
ប៉ូលិសថៃប្រហែល១០០នាក់ ស្ថិតក្នុងឈុតសម្លៀកបំពាក់បង្រ្កាបកុបកម្ម បានបិទផ្លូវនៅក្បែរវិមានជ័យជម្នះ ក្នុងរាជធានីបាងកក ហើយប្រើកាណុងបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីព្យាយាមបញ្ឈប់ការដង្ហែក្បួនតវ៉ារបស់ក្រុមបាតុករ ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ដែលជាការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។
ក្រុមបាតុករបាននិយាយថា ពួកគេបានចេញធ្វើការតវ៉ាបែបនេះ គឺដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីមុខតំណែង ដោយសារតែរដ្ឋាភិបាលបរាជ័យ ក្នុងការដោះស្រាយវិបត្តិ COVID-19 ព្រមទាំងផលប៉ះពាល់របស់វា មកលើសេដ្ឋកិច្ចជាតិក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ បើតាមសេចក្តីរាយការណ៍របស់សេវាសង្រ្គោះបន្ទាន់ ទាំងខាងក្រុមបាតុករនិងខាងប៉ូលិស សុទ្ធតែមានអ្នករងរបួសក្នុងការប៉ះទង្គិចគ្នា។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍នេះ ប្រជាជនថៃត្រឹម៦ភាគរយប៉ុណ្ណោះ ដែលទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ដូស ហើយតំបន់ជាច្រើននៃប្រទេស កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ COVID-19 និងបម្រាមគោចរពេលយប់ រួមទាំងទីក្រុងបាងកកផងដែរ។ នៅថ្ងៃអាទិត្យនេះ ថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗជិត ២០,០០០នាក់ និងស្លាប់ជិត១៤០នាក់ ថែមទៀត ដោយសរុបមកទល់ឥឡូវ ប្រទេសអាស៊ានមួយនេះ មានករណីឆ្លង COVID-19 សរុបកើនដល់ ៧៥៦,៥០៥នាក់ ក្នុងនោះស្លាប់៦,១១០នាក់៕