(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងថា សម្តេចបានដឹងពីប្រភពរូបថតមួយសន្លឹក របស់សម្តេចហើយ ក្រោយបង្ហោះសារអស់រយៈពេល ១យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
រូបថតនោះ ត្រូវបានថតនៅឆ្នាំ១៩៨៧ ពេលសម្តេចអញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្តេចបានដឹងពីប្រភពរូបថតនោះ ដោយសារទទួលបានការបំភ្លឺពីលោក កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្របក្ស។
ការបំភ្លឺរបស់លោក កែវ បាភ្នំ ត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅបង្ហោះក្នុង Comment ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបាទសូមគោរពរាយការណ៍ដូចតទៅ៖
នៅចុងសប្តាហ៍ទី២ ខែមករា ឆ្នាំ១៩៨៧ សម្តេចតេជោ បានចុះសួរសុខទុក្ខប្រជាជន, កម្មាភិបាល, បុគ្គលិក, កម្មករក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះ សម្តេចតេជោ បានអញ្ជើញទៅពិនិត្យមណ្ឌលពាណិជ្ចកម្មប្រមូលទិញស្រូវឃុំពង្រ, ឃុំស្វាយជ្រុំ ក្នុងស្រុកបរិបូណ៌; រោងសិប្បកម្មពាង, សិប្បកម្មឆ្នាំង, ក្អម; ទស្សនាព្រលានយន្តហោះ; ពិនិត្យកន្លែងនេសាទត្រី; ទស្សនាពិព័រណ៌ដែលជាស្នាដៃរបស់ប្អូនៗ សិស្សសាលាទូទាំងខេត្ត; ពិនិត្យឃ្លាំងស្បៀង; ចុះសួរសុខទុក្ខនិងពិនិត្យកន្លែងរស់នៅរបស់កុមារកំព្រាខេត្តកំពង់ឆ្នាំង, ចូលរួមសំណេះសំណាល និងផ្តល់មតិសំខាន់ៗ ដល់សន្និបាតបូកសរុបការងារអនុវត្តផែនការឆ្នាំ១៩៨៦ និងទិសដៅអនុវត្តឆ្នាំ១៩៨៧ របស់ខេត្តកំពង់ឆ្នាំង ។
ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៨៧ សម្តេចតេជោ បានចូលរួមជាអធិបតីក្នុងសន្និបាតនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី៤ អាណត្តិទី៥។ សន្និបាត បានធ្វើការបូកសរុបសភាពការណ៍ឆ្នាំ១៩៨៦ និងលើកទិសដៅការងារសំខាន់ៗរបស់បដិវត្តកម្ពុជាសម្រាប់ ឆ្នាំ១៩៨៧ ។
សូមសម្តេចតេជោមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានបង្ហោះរូបភាពមួយសន្លឹក ដោយបន្ថែមខ្លឹមសារប្រកាសស្វែងរកអ្នកដែលអាចដឹងអំពីប្រវត្តិ នៃរូបភាពមួយសន្លឹកខាងលើ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសុំឱ្យអ្នកដែលបានថតរូបនោះ ឬបានដឹងអំពីរូបថតនោះ ជួយជម្រាបសម្តេចតាមរយៈ ចូលទៅសរសេរសារក្នុង Comment លើ Facebook របស់សម្តេចតែម្តង៕