ហាណូយ៖ព្រឹកថ្ងៃសុក្រនេះ វៀតណាមបានរកឃើញអ្នកកើតកូវីដ១៩ថ្មីចំនួន៤.០០៩នាក់ទៀតនៅ២៤ទីតាំង ដែលនាំអោយចំនួនឆ្លងសរុបនៅក្នុងការផ្ទុះកូវីដរលកទី៤នេះឡើងដល់១៨៥.១១១នាក់ ក្នុងនេះទីក្រុងហូជីមិញដែលជាមជ្ឈមន្ឌលផ្ទុះកូវីដ១៩ មានអ្នកឆ្លងសរុប១១២.៤៧៩នាក់។
កាលពីថ្ងៃពីថ្ងៃព្រហស្បតី ប្រទេសអាស៊ីអាគ្នេយ៍នេះមានអ្នកឆ្លងសរុប៧.២៣៩នាក់នៅ៤៤ទីតាំង អ្នកជំងឺកូវីដ១៩ស្លាប់ច្រើនបំផុតចំនួន៣៩៣នាក់ក្នុងនេះ ២១៤នាក់នៅក្រុងហូជីមិញចាប់ពីថ្ងៃ៤ដល់៥សីហា។
ឥឡូវទីក្រុងហូជីមិញភាគខាងត្បូងនេះមានអ្នកជំងឺកូវីដ១៩កំពុងដេកពេទ្យជាង៣៣.៣០០នាក់ ក្នុងនេះ២.០៧០កំពុងប្រើឧបករណ៍ជំនួយដង្ហើមនិង១.៣៣១នាក់ធ្ងន់ធ្ងរ។
ជាងមួយខែមកនេះទីក្រុងហូជីមិញបានក្លាយជាស្នូលនៃការផ្ទុះកូវីដ១៩រលកថ្មី និងមនុស្ស១១២.៤៧៩នាក់ត្រូវបានរកឃើញថាឆ្លងកូវីដ១៩នៅក្នុងទីក្រុងនេះចាប់តាំងពីដើមខែមេសាមក និង២.១០៥បានស្លាប់ដោយកូវីដ។
ក្នុងជំនួបមួយកាលពីថ្ងៃអង្គារ លេខាបក្សរងប្រចាំទីក្រុងបានសារភាពថា ទោះជាបង្កើនទីតាំងពិនិត្យព្យាបាល ប្រភពធនធានមនុស្ស គ្រឿងបរិក្ខានិងថ្នាំពេទ្យក៏មន្ទីរពេទ្យជាច្រើនជោរជន់ដោយអ្នកជំងឺ។«ការស្លាប់មនុស្សច្រើនៗបែបនេះជាបញ្ហាហើយឥឡូវ»។
ក្នុងពេលជាមួយគ្នា ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយអាជ្ញាធរក្រុងហូជីមិញ ដើម្បីដាក់គ្រែសង្គ្រោះបន្ទាន់និងគ្រែអ្នកជំងឺត្រូវមើលថែដិតដល់(ICU)បន្ថែមក្នុងបំណងកាត់បន្ថយចំនួនស្លាប់។
ទីក្រុងនេះក៏បង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីសំរេចបានភាពស៊ាំក្នុងចំណោមមនុស្សអាយុ១៨ឆ្នាំឡើង រួមទាំងជនចំណាកស្រុកនិងជនបរទេស។យោងតាមស្ថិតិមនុស្សជាង១,៣លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងចុងក្រោយបានចាប់ផ្តើមកាលពីថ្ងៃ២២កក្កដា ។មនុស្សជិត១លាននាក់ទៀតបានចាក់វ៉ាក់សាំងក្នុងយុទ្ធនាការ៤វគ្គមុន៕