(ភ្នំពេញ)៖ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមមីក្រូហិរញ្ញវត្ថុក៏ដូចជាសមាជិករបស់ខ្លួន នៅតែរក្សានូវជំហរយ៉ាងមុតមាំ ក្នុងការចូល រួមជួយ ដល់ប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ដូច្នេះហើយសេវាហិរញ្ញវត្ថុ ដែលផ្ដល់ជូនដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាសេវាប្រកបដោយការទទួលខុសត្រូវ។
លោក ផល វ៉ាន់ឌី បានបញ្ជាក់យ៉ាងដូច្នេះថា វិស័យមីក្រូហិរញ្ញវត្ថុ បានចាប់បង្កើតឡើងជាង៣០ឆ្នាំ មកហើយ ក្នុងការចូលរួមជួយកសាងសេដ្ឋកិច្ចជាតិ ដែលវិស័យមីក្រូហិរញ្ញវត្ថុនេះ ជាគម្រោងរបស់ ដៃគូអភិវឌ្ឍន៍ និងគាំទ្រដល់អង្គការអន្តរជាតិ និងអង្គការជាតិមួយចំនួន ក្នុងការធ្វើការងារជួយ ដល់វិស័យសង្គម និងសុខុមាលភាពសង្គម ចំពោះប្រជាពលរដ្ឋយើង។
មួយវិញទៀតគម្រោងនេះ ក៏បានរីកចម្រើនក្លាយជាមីក្រូហិរញ្ញវត្ថុ ដោយធ្វើឲ្យមាននិរន្តភាព ក្នុងការបន្តជួយដល់ប្រជាជន កម្ពុជា ឲ្យទទួលបានសេវាប្រាក់កម្ចី ប្រកបដោយការទទួលខុសត្រូវ។
លោកបញ្ជាក់ថា «សេវាកម្មមីក្រូហិរញ្ញវត្ថុ បានបន្ត និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើក កម្ពស់សេដ្ឋកិច្ចជនបទ និងគាំទ្របងប្អូនយើងជាស្រ្តី ក្នុងការទទួលបានប្រាក់កម្ចី ប្រកបដោយការ ទទួលខុសត្រូវ។
រយៈពេលជាង៣០ឆ្នាំមកនេះ យើងកត់សម្គាល់នៅឆ្នាំ២០០៦ ជាការទទួលស្គាល់ យ៉ាងមានសារសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ឆ្នាំ២០០៦ជាឆ្នាំដែលមីក្រូហិរញ្ញវត្ថុ ទទួលស្គាល់យ៉ាងទូលំទូលាយថា វិស័យមីក្រូហិរញ្ញវត្ថុនេះ ពិតជាបានរួមចំណែកការលើកកម្ពស់ វិស័យសេដ្ឋកិច្ចជន សេដ្ឋកិច្ចប្រទេសជាតិយើងទាំងមូល»។
លោកថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុ បានបន្តដើរតួនាទីរហូតមកដល់ពេលបច្ចុប្បន្ន និងបានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងលើកកម្ពស់ឲ្យទទួលបានហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ក្នុងនោះវិស័យទាំងមូល កំពុងបន្តផ្ដល់សេវាហិរញ្ញវត្ថុ ជូនដល់វិស័យកសិកម្ម វិស័យអាជីវកម្មខ្នាត តូច និងមធ្យម រួមទាំងតម្រូវការផ្នែកសុខុមាលភាពសង្គមផ្សេងៗ ដូច្នេះប្រសិនបើគ្មានមីក្រូហិរញ្ញវត្ថុ ទេ សេដ្ឋកិច្ចកម្ពុជាអាចដើរយឺតជាងនេះ។
លោកថ្លែងបន្តថា មីក្រូហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការគាំពារ គាំទ្រដល់អតិថិជន ដើម្បីទទួលបាននូវសេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ឲ្យពួកគាត់អាចយកទៅ ប្រកបរបបកសិកម្មទាំងអស់នេះ គឺបានចូលរួមចំណែកក្នុងការធ្វើឲ្យមានការរីកចម្រើន នៃសេដ្ឋ កិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារទាំងមូលផងដែរ៕