កស៊ីកូ ប្ដឹងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក ទារសំណង ១០ពាន់លានដុល្លារ ពីបទជួញដូរកាំភ្លើងខុសច្បាប់

(ម៉ិកស៊ីកូ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១គឺបានបញ្ជាក់ប្រាប់អោយដឹងថារដ្ឋាភិបាលនៃប្រទេសម៉ិកស៊ីកូបានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនផលិតកាំភ្លើងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយចោទពួកគេពីបទ ជួញដូរកាំភ្លើង ខុសច្បាប់ និងបង្កឱ្យមានការបង្ហូរឈាមតាមរយៈការធ្វេសប្រហែសក្នុងការធ្វើអាជីវកម្ម។

បើតាមពាក្យបណ្ដឹងខាងលើក្រុមហ៊ុនអាមេរិកទាំងនោះបានដឹងខ្លួនថាពួកគេកំពុងចូលរួមចំណែកក្នុងការជួញដូរកំាភ្លើងខុសច្បាប់ដែលមានជាប់ពាក់ព័ន្ធនឹង ករណីស្លាប់របស់មនុស្សជាច្រើននាក់ ខណៈរដ្ឋាភិបាលម៉ិកស៊ីកូកំពុងទាមទារសំណង ១០ពាន់លានដុល្លារ បើទោះជាការផ្ដល់សំណង អាស្រ័យលើការសម្រេចចិត្តពីតុលាការក៏ដោយ។

«ក្រុមហ៊ុនផលិតកាំភ្លើងទាំងនោះបានដឹងថាផលិតផលរបស់ពួកគេត្រូវបានជួញដូរ និងប្រើប្រាស់ក្នុងសកម្មភាព ខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ព្រម ទាំងអាជ្ញាធរ…ដូច្នេះរដ្ឋាភិបាលកំពុងចាត់វិធានការសកម្មភាពដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញដែលក្រុមហ៊ុនទាំងនោះបង្កឡើងតាមរយៈការជួយសម្រួលដល់ការជួញដូរកាំភ្លើងខុសច្បាប់របស់ពួកគេទៅឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងឧក្រិដ្ឋជនដទៃទៀតនៅក្នុងប្រទេសម៉ិកស៊ីកូ»។ នេះបើតាម សេចក្ដីថ្លែង ការណ៍មួយរបស់ក្រសួងការបរទេសម៉ិកស៊ីកូ។

សូមជម្រាបថា ក្រុមហ៊ុនផលិតកាំភ្លើងអាមេរិកដែលរងការចោទប្រកាន់ក្នុងនោះរួមមានក្រុមហ៊ុន Smith & Wesson និងក្រុមហ៊ុន Barrett Firearms មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ពាក្យបណ្ដឹងរបស់រដ្ឋាភិបាលម៉ិកស៊ីកូ ត្រូវបានដាក់ជូនតុលាការក្នុងរដ្ឋ Massachusetts សហរដ្ឋ អាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ៕