UN ស្វាគមន៍ការតែងតាំងប្រេសិតពិសេសប្រ៊ុយណេ ដើម្បីទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

(យូអិន)៖ តាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Gutterres) នៅថ្ងៃពុធសប្ដាហ៍នេះ បានស្វាគមន៍ការតែងតាំងរដ្ឋមន្រ្តីការ បរទេសប្រ៊ុយណេ លោក អ៊ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ (Erywan bin Pehin Yusof) ជាប្រេសិតពិសេស របស់អាស៊ាន (ASEAN) ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យអគ្គលេខាធិកា UN លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការតែងតាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តនូវការ ឯកភាព ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសាកន្លង ទៅនេះ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា អង្គការសហប្រជាជាតិកំពុងទន្ទឹងរង់ចាំ បន្តកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ានលើការឆ្លើយតបរួមគ្នា ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយកត់ សម្គាល់ថា ប្រេសិតពិសេសរបស់អាស៊ាន និងប្រេសិតពិសេសរបស់ UN នឹងបំពេញតួនាទីបន្ថែម ដើម្បីដោះស្រាយវិបត្តិនេះ៕