(ប៉េរូ)៖ តាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១បានបញ្ជាក់ថាក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា វីរុស COVID-19 បំប្លែងថ្មី ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ ហើយបច្ចុប្បន្ន កំពុង លុកលុយតំបន់អាមេរិក ឡាទីន មានសមត្ថភាពចម្លងជំងឺលឿនរហ័ស ព្រមទាំងអាចអត់ធន់ នឹងវ៉ាក់សាំងទៀតផង បើធៀប ទៅនឹងវីរុស COVID-19 ដើមរបស់វា។
នៅក្នុងការសិក្សាស្រាវជ្រាវនៅឯមន្ទីរពិសោធន៍ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានរកឃើញថា ការប្លែង ខ្លួនចំនួនបីនៅលើប្រូតេអ៉ីន (spike protein) របស់វីរុសបំប្លែងថ្មី Lambda (RSYLTPGD246-253N, 260 L452Q និង F490S) បានជួយឱ្យវីរុសបំប្លែងថ្មីមួយនេះ អាចធន់នឹងអង់ទីករដែល បង្កើតឡើងដោយវ៉ាក់សាំង។ បន្ថែមពីលើនេះ ការបំប្លែងខ្លួនពីរបន្ថែមទៀត (T76I និង L452Q) ក៏បានធ្វើឱ្យវីរុស Lambda អាចចម្លងជំងឺយ៉ាងលឿនរហ័សផងដែរ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកវីរុស COVID-19 បំប្លែងថ្មី Lambda ទៅក្នុងបញ្ជីនៃ «វីរុសបំប្លែងថ្មីដែលត្រូវផ្តោតការចាប់អារម្មណ៍» រួមជាមួយវីរុសបំប្លែងថ្មី ០៣ផ្សេងទៀតដូចជាវីរុសបំប្លែងថ្មី អេតា (Eta), អ៉ីយ៉ូតា (Iota) និង កាប់ផា (Kappa)។
បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះ ភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីនដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕