យោងតាមមន្ត្រីជាន់ខ្ពស់ឥណ្ឌាដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថាចិននិងឥណ្ឌាបានព្រមព្រៀងគ្នាដកកងទ័ពចេញពីចំណុចឈ្លោះប្រកែកគ្នាមួយទៀតនៅតាមបណ្តោយព្រំដែនជម្លោះភ្នំហេមពាន្ត បន្ទាប់ពីកិច្ចប្រជុំមេបញ្ជាការយោធាកំពូលពីភាគីទាំងពីរកាលពីចុងសប្តាហ៍។
សម្អាងលើច្បាប់សម្រាប់និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមមន្ត្រីបាននិយាយដោយសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃអង្គារទី ៣ សីហាថាទាហាននឹងរើចេញឆ្ងាយពីតំបន់ដែលទាហានឥណ្ឌាយ៉ាងតិច ២០ នាក់និងទាហានចិន ៤ នាក់ត្រូវបានសម្លាប់កាលពីខែមិថុនាឆ្នាំ ២០២០ក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុតរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាង ៤០ ឆ្នាំ។
ការវិវឌ្ឍនេះកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងញូវដេលីនិងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍រួមមិនធម្មតាមួយ ដែលពណ៌នាអំពីកិច្ចពិភាក្សាជុំទី ១២ រវាងមន្ត្រីយោធារបស់ពួកគេថា “មានលក្ខណៈស្ថាបនា” ដោយលើកឡើងថា គូប្រជែងទាំងពីរបានរកឃើញចំណុចរួមមួយចំនួនបន្ទាប់ពីភាពតានតឹងអស់រយៈពេលជាងមួយឆ្នាំ។
ក្រុមមន្ត្រីបាននិយាយថា តំបន់គ្មានយោធានឹងត្រូវបានបង្កើតឡើងបន្ទាប់ពីកងទ័ពនិងកាំភ្លើងធំដកចេញអស់ហើយតំបន់នេះនឹងមិនត្រូវបានដើរល្បាតដោយភាគីណាមួយឡើយដើម្បីទប់ស្កាត់កុំឱ្យទាហានគូប្រជែងប្រឈមមុខដាក់គ្នា។ តំបន់គ្មានការល្បាតស្រដៀងគ្នានេះគឺមានរួចជាស្រេចទៅហើយនៅផ្នែកផ្សេងទៀតនៃព្រំដែនជម្លោះ៕