អង់គ្លេសព្រមានថាប្រជាជនមីយ៉ាន់ម៉ាពាក់កណ្តាលអាចឆ្លងកូវីដក្នុងពេល២សប្តាហ៍ទៀត

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអ.ស.បបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែកក្កដាថា ប្រជាជនពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាជាង ៥៤ លាននាក់អាចឆ្លងកូវីដ១៩ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ខណៈប្រេសិតមីយ៉ាន់ម៉ាអំពាវនាវឱ្យក្រុមអ្នកឃ្លាំមើលរបស់អ.ស.បធានាការចែកចាយវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។

មីយ៉ាន់ម៉ាមានភាពច្របូកច្របល់ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជីកាលពីថ្ងៃទី ១ខែកុម្ភៈដោយមានការតវ៉ានិងការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកងទ័ពនិងក្រុមជីវពលដែលទើបបង្កើតថ្មីៗ។

សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេសនិងប្រទេសដទៃទៀតបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាជុំវិញការធ្វើរដ្ឋប្រហារនិងការបង្ក្រាបលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលសម្លាប់មនុស្សរាប់រយនាក់។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអ.ស.បលោកស្រី បាបារ៉ា វូដវ៉ាដ បានប្រាប់កិច្ចពិភាក្សាក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីមីយ៉ាន់ម៉ាថា”រដ្ឋប្រហារបានបណ្តាលឱ្យប្រព័ន្ធសុខាភិបាលជិតដួលរលំទាំងស្រុង ហើយបុគ្គលិកថែទាំសុខភាពកំពុងរងការវាយប្រហារនិងចាប់ខ្លួន”។

លោកស្រីនិយាយថា “មេរោគកូរ៉ូណាកំពុងឆ្លងរាលដាលដល់ប្រជាជនយ៉ាងលឿន។ តាមការប៉ាន់ស្មានមួយចំនួន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះប្រជាជនមីយ៉ាន់ម៉ាពាក់កណ្តាលអាចឆ្លងកូវីដ”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំយោធាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសដទៃទៀតដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា។

ការឆ្លងមេរោគកូរ៉ូណានៅប្រទេសអាស៊ីអាគ្នេយ៍នេះបានកើនឡើងតាំងពីខែមិថុនា ដោយមានករណីឆ្លង ៤.៩៨០ នាក់និងស្លាប់៣៦៥នាក់ត្រូវបានកត់ត្រាកាលពីថ្ងៃពុធ នេះយោងតាមទិន្នន័យក្រសួងសុខាភិបាលដែលដកស្រង់ក្នុងប្រព័ន្ធផ្សព្វផ្សាយ៕