កោះភូកេតរឹតត្បិតការធ្វើដំណើរពីតំបន់ដទៃខណៈថៃរាយការណ៍ករណីឆ្លងកូវីដ១៩ខ្ពស់បំផុតប្រចាំថ្ងៃរហូតដល់ ១៧.៦៦៩ នាក់

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែកក្កដាថាកោះភូកេតរបស់ថៃនឹងហាមឃាត់ការធ្វើដំណើរពីតំបន់ដទៃនៃប្រទេសចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៦ ខែសីហាដើម្បីព្យាយាមបញ្ឈប់ជំងឺកូវីដ១៩ កុំឱ្យរាលដាលដល់កោះរមណីយដ្ឋានមួយនេះ ប៉ុន្តែភ្ញៀវបរទេសនឹងមិនមានផលប៉ះពាល់អ្វីឡើយ។

ភូកេតគឺជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ថៃ ជាវិស័យរកប្រាក់ចំណូលដ៏សំខាន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយជំងឺរាតត្បាត។ចាប់តាំងពីថ្ងៃទី ១ ខែកក្កដាមក អ្នកទេសចរចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរីនៅលើកោះនេះដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលមកដល់ទេ ដែលនេះជាគំនិតផ្តួចផ្តើមមួយមានឈ្មោះថា “ប្រអប់ខ្សាច់ភូកេត”។

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក ថានី សង្ក្រាត បាននិយាយថា ច្បាប់ធ្វើដំណើរថ្មីនេះនឹងរឹតត្បិតការធ្វើដំណើរទៅកាន់ភូកេតពីកន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃ មានន័យថាភ្ញៀវបរទេសដែលស្នាក់នៅលើកោះនេះនឹងមិនរងផលប៉ះពាល់ទេ។

លោកថានីនិយាយថា អ្នកទេសចរដែលស្នាក់នៅលើភូកេតលើសពី ១៤ថ្ងៃនឹងត្រូវអនុញ្ញាតឱ្យចាកចេញទៅតំបន់ផ្សេងទៀតនៃប្រទេសថៃហើយអាចចូលមកភូកេតវិញបានលុះត្រាតែពួកគេកក់ជើងហោះហើរអន្តរជាតិពីអាកាសយានដ្ឋានរបស់កោះនេះ។

បទបញ្ជាដែលចុះហត្ថលេខាដោយអភិបាលខេត្តភូកេតបានលើកឡើងថា ករណីលើកលែងក៏នឹងត្រូវបានធ្វើឡើងផងដែរសម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រនិងបុគ្គលិកពេទ្យព្រមទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រាក់ និងអាហារ។

ម៉ោងធ្វើការត្រូវបានរឹតបន្តឹងសម្រាប់កន្លែងខ្លះនៅភូកេតហើយកន្លែងមួយចំនួនត្រូវបានបញ្ជាឱ្យបិទខណៈអាជ្ញាធរព្យាយាមដាក់កំហិតលើផលប៉ះពាល់ណាមួយពីការកើនឡើងនៃការឆ្លងកូវីដនៅទូទាំងប្រទេស។

ថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នូវការឆ្លងមេរោគកូរ៉ូណាប្រចាំថ្ងៃខ្ពស់បំផុតរហូតដល់ ១៧.៦៦៩ នាក់ ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥៦១.០៣០នាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកាលពីឆ្នាំមុន។

ប្រទេសនេះក៏បានរាយការណ៍អំពីការស្លាប់ដោយកូវីដចំនួន ១៦៥ នាក់ផងដែរ ដែលនេះជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៤.៥៦២ នាក់៕