(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា រាល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកទាំងអស់ ត្រូវបាន ទាមទារឱ្យមានការបញ្ជាក់ថា ពួកគេបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ ឬត្រូវគោរពតាមវិធានការការពារដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នកដែលនៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដើម្បីទៅ ទទួលការចាក់ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថា មួយ នៅឯសេតវិមានថា អ្នកដែលមិន បានចាក់វ៉ាក់សាំងដែលបានស្លាប់ដោយសារជំងឺ COVID-19 គឺជា «សោកនាដកម្មដ៏ធំបំផុត របស់សហរដ្ឋអាមេរិក»។
មុនពេលលោក បៃដិន ធ្វើសេចក្ដីប្រកាសនេះ សេតវិមានបានចេញនូវព័ត៌មានលម្អិតមួយចំនួន អំពីវិធានការការពារដ៏តឹងរ៉ឹង ដោយលើកឡើងថា «រាល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវសួរបញ្ជាក់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ»។
បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំង នឹងត្រូវពាក់ម៉ាស់នៅតាមកន្លែងធ្វើការ មិនថានៅតាមទីតាំងភូមិសាស្រ្តរបស់ខ្លួនទេ ហើយត្រូវរក្សា គម្លាតពីបុគ្គលិក និងអ្នកទស្សនាដទៃទៀត ក៏ដូចជាត្រូវគោរពតាមតម្រូវការធ្វើតេស្តប្រចាំសប្តាហ៍ ឬពីរដងក្នុងមួយសប្តាហ៍ ហើយត្រូវដាក់កំហិតលើការធ្វើដំណើរជាផ្លូវការ»៕