(ភ្នំពេញ)៖ លោក Ben wohlauer អគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់មកកាន់ប្រទេសកម្ពុជាពេលនេះ គឺជាជាការ ចែករំលែកដើម្បីសង្គ្រោះជីវិតមនុស្ស ពីការរាតត្បាតជំងឺកូវីដ១៩។
លោក Ben wohlauer បានបញ្ជាក់បែបនេះ នៅក្នុងពិធីប្រគល់ និងទទួលវវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជើងទី១ ប្រមាណ៥០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្តការកូវ៉ាក់ ដល់ប្រទេសកម្ពុជា ដែលត្រូវបានដឹកមកដល់ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនេះ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយូរ អង្វែងរបស់សហរដ្ឋអាមេរិកចំពោះសុខភាពសាធារណៈនៅកម្ពុជា ដែលលោកអះអាងថា ការប្តេជ្ញា ចិត្តនេះកាន់តែមានភាពច្បាស់លាស់ នៅពេលដែលពិភពលោក រងនូវការរាតត្បាតជំងឺកូវីដ១៩ នេះ។
លោក Ben wohlauer បានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនចែកនូវដូសទាំងនេះ ដើម្បីទទួលបាន អនុគ្រោះ ឬស្វែងរកសម្បទានទេ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់នូវលក្ខខណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត»។
លោក Ben wohlauer បានបន្តថា សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តក្នុងការផ្តល់ថវិកាប្រមាណ៤ពាន់ លានដុល្លារ ដល់យន្តការកូវ៉ាក់។ លោកអះអាងបន្ថែមថា សម្រាប់នៅប្រទេសកម្ពុជា សហរដ្ឋ អាមេរិកក៏បានផ្តល់១១លានដុល្លារ ជាជំនួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ចាប់តាំងពីជំងឺនេះផ្ទុះ ឡើងផងដែរ។
សហរដ្ឋអាមេរិក បានក្លាយទៅជាដៃគូទី៤ ដែលបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា បន្ទាប់ចិន ខូវ៉ាក់ និងជប៉ុន ខណៈដែលចិនជាប្រទេសដែលបានផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងមុនគេ និង ច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីខែឧសភា កន្លងទៅ សហរដ្ឋអាមេរិក ធ្លាប់បានប្រកាស ផ្តល់វ៉ាក់សាំងដល់កម្ពុជា១លានដូសម្តងហើយ ដោយអះអាងថា វ៉ាក់សាំងនេះនឹងមកដល់នៅ ចុងខែឧសភា ប៉ុន្តែវ៉ាក់សាំងនោះមិនបានមកដល់កម្ពុជា ដូចការអះអាងឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមខែកក្កដា កន្លងទៅ ធ្លាប់បានប្រកាស យកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសម្តេច លើកឡើងថា ក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ព្រោះប្រទេសខ្លះបានតែសន្យា។
សម្តេចបញ្ជាក់ថា «ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ មិត្តភ័ក្ត្របរទេសអាចយល់ពីចិត្តរបស់កម្ពុជាហើយ។ តិចថាអីបន្តិចចិន អីបន្តិចចិន បើអស់លោកមិនផ្តល់ឱ្យខ្ញុំ ឱ្យខ្ញុំទៅពឹងនរណា»។
គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មកដល់បច្ចុប្បន្នមានចំនួនសរុបជាង៧លាននាក់ ដែលស្មើនឹង ៧១.៣១% នៃពលរដ្ឋគោលដៅ១០លាននាក់ ខណៈការចាក់កំពុងធ្វើឡើងជាបន្តបន្ទាប់ទៀត៕