លោក ចូ បៃដិន ជំរុញការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកទើបតែ ចាក់វ៉ាក់សាំងថ្មីៗ

(វ៉ាស៊ីនតោន)៖យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១គឺបានអោយដឹងថា លោក ចូ បៃដិន ប្រធានា ធិបតីអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ តំបន់ និងដែនដីអាមេរិកទាំងអស់ ផ្ដល់ប្រាក់រង្វាន់ លើកទឹកចិត្ត ១០០ដុល្លារ ដល់ពលរដ្ឋអាមេរិកគ្រប់ៗរូបដែលទើបបានចាក់វ៉ាក់សាំងថ្មីៗ ដើម្បីបង្កើន អត្រាចាក់វ៉ាក់សាំង ខណៈកំពុងបារម្ភពីការឆ្លងរាលដាលនៃវីរុសបម្លែថ្មី Delta។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្ត ខាងលើ នឹងត្រូវបានប្រើប្រាស់ចេញពីកញ្ចប់ថវិកាជំនួយ ៣៥០ពាន់លានដុល្លារ ដែលផ្ដល់ឱ្យរដ្ឋា ភិបាលប្រចាំរដ្ឋ, តំបន់ និងដែនដីអាមេរិក ក្រោមច្បាប់ផែនការសង្រ្គោះប្រជាជនអាមេរិក។ ក្រសួងបន្ថែមថាខ្លួននឹងផ្ដល់ការគំាទ្រផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់មូលនិធិទាំងនេះដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អភិបាលក្រុងញូយ៉ក លោក Bill de Blasio ក៏បាន ប្រកាសផងដែរថាពលរដ្ឋអាមេរិកគ្រប់ៗរូបដែលបានទៅទទួល ការចាក់វ៉ាក់សាំងដូសដំបូងរបស់ ពួកគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ៕