ទីក្រុងហូជីមិញអនុវត្តវិធានការរឹតត្បិត ដ៏តឹងរ៉ឹងនៅពេលយប់ ចំពោះមុខស្ថានការណ៍កូវីដ-១៩ កាន់តែដុនដាប

(ហាណូយ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថាមនុស្សច្រើនជាង ១០លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ ឱ្យនៅក្រោម បម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍តទៅ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅ មួយថ្ងៃ។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 កាលពីឆ្នាំ២០២០ វៀតណាម ឈានចូលដល់ពាក់កណ្តាលឆ្នាំ២០២១ បាននិងកំពុងកត់ត្រា ការកើនឡើងនៃករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ហើយជាវិធានការទប់ស្កាត់បន្ទាន់ អាជ្ញាធរបានដាក់ចេញ វិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់កាលពីដើមខែកក្កដា ដែលប្រជាជនត្រូវ បានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែនៅក្នុងករណីចាំបាច់ដូចជារកសេវាបន្ទាន់នានា ឬទិញម្ហូប អាហារតែប៉ុណ្ណោះ។

ក៏ប៉ុន្តែចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវឲ្យស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ។

នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល ១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញ កាលពីចុងសប្តាហ៍មុន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០៦,៣៤០ករណីក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៤នាក់ និងជាសះស្បើយ ២១,៣៤៨នាក់។

សម្រាប់តំបន់ដែលកំពុងផ្ទុះករណីឆ្លង COVID-19 ខ្លាំងជាង គេបំផុតរបស់វៀតណាម នោះគឺមជ្ឈមណ្ឌលឧស្សាហកម្ម ស្ថិតនៅភាគខាងជើងទីក្រុងហូជីមិញ ដោយករណីឆ្លងរហូតដល់ទៅជាង ៦២,០០០នាក់ឯណោះត្រូវបានកត់ត្រា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១៕