ទូតកម្ពុជា បានចូលរួមទប់ស្កាត់កូវីដផង និងជួយដោះស្រាយការលំបាកផង!

ក្នុងរយៈពេលចុងក្រោយនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសនានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ តាមរយៈការចេញសេចក្តីអំពាវនាវ កុំឲ្យប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ធ្វើដំណើរទៅណាមកណា ពិសេសការធ្វើដំណើរវិលត្រឡប់មកកម្ពុជាដែលអាចមានហានិភ័យ ឆ្លងកូវីដ។ ក្រៅពីនោះទៀតស្ថានទូតកម្ពុជា ក៏បានចែកជំនួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋខ្មែរយើង ពិសេសពលករ ដែលជួបការលំបាក ក្នុងអំឡុងពេលកូវីដនេះ។

កាលពីដើមសប្តាហ៍នេះ យ៉ាងហោចណាស់ មានស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ វៀតណាម ឡាវ និងប្រទេសជប៉ុន ជាដើម បានចេញសេចក្តីប្រកាស ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ននឹងជំងឺកូវីដ១៩ ពិសេសការរីករាលដាលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta)។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានប្រកាសឱ្យនិស្សិត សិក្ខាកាម ប្រជាពលរដ្ឋខ្មែរ និងពិសេសពលករខ្មែរយើង ដែលកំពុងសិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេស ដែលកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ទាំងនោះ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងការផ្ទុះឆ្លងរាលដាល វីរុសកូវីដ ១៩។

ការបិទខ្ទប់និងវិធានការរឹតបន្តឹងក្នុងប្រទេស ទាំងនោះ ក៏ត្រូវបានស្ថានទូតកម្ពុជា ប្រកាសផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកម្ពុជាយើង ឲ្យបង្កើនការប្រុងប្រយ័ត្ន និងពិសេសជៀសវាងការធ្វើដំណើរចល័តក្នុងអំឡុងពេលរឹតត្បិត ពិសេសការធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេស។ មូលហេតុ អំឡុង ពេលនៃការធ្វើដំណើរនេះ អាចនឹងមានហានិភ័យ ឆ្លងកូវីដ១៩ ក៏ថាបាន។

សេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានលើកឡើងថាវៀតណាមបានដាក់ តំបន់ភាគខាងត្បូងទាំងមូល នៅក្នុងការបិទទ្វារ (lockdown) រយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា គឺបិទខ្ទប់តំបន់សណ្ដទន្លេមេគង្គទាំងមូល និងទីក្រុងហូជីមិញ ដោយតម្រូវឱ្យប្រជាជន ត្រូវស្នាក់នៅ ក្នុងផ្ទះ ចៀសវាងការជួបជុំសាធារណៈលើសពីប្រាំនាក់។

ស្ថានទូត បានអំពាវនាវនិស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា និងមានវត្តមាន នៅប្រទេសវៀតណាម បន្ដប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព និងអនុវត្តតាមវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ក៏បានផ្សាយអំពីវិធានការរឹតបន្តឹងបន្ថែមថ្មី នៅក្នុងប្រទេសថៃដើម្បីប្រឆាំងនឹង ការរាតត្បាតជំងឺកូវីដ-១៩ ដែលចាប់អនុវត្តពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ និងការបែងចែកតំបន់ ដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២០ ខែកក្កដាតទៅ។

ស្ថានទូតកម្ពុជា នៅប្រទេសថៃ ដែលកំពុងមើលការខុសត្រូវលើស្ថានភាពពលរដ្ឋខ្មែរប្រមាណមួយលានពីរសែននាក់ នៅទីនោះក៏បានទទូចឲ្យបងប្អូនខ្មែរនៅក្នុងប្រទេសថៃមេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីការពារខ្លួនពីការរាតត្បាតជំងឺដ៏កាចសាហាវនេះ ដោយកុំធ្វើដំណើរចល័តពីកន្លែងមួយ ទៅកន្លែងមួយ រួមទាំងការធ្វើដំណើរវិលត្រឡប់មកម្ពុជាក្នុងអំឡុងពេលឆ្លង រាលដាលនេះ។

ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ក៏បានបានចេញការអំពាវនាវស្រដៀងគ្នានេះ ទៅកាន់ប្រជាពលរដ្ឋខ្មែរ នៅទីនោះដែរ។ ស្ថានទូត ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅទីនោះ កុំទាន់អាល់វិលត្រឡប់ មកកាន់មាតុប្រទេសវិញ ប្រសិនបើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការនាំចូល និងចម្លងមេរោគបំប្លែងថ្មី ដែលតា ចូលមកកម្ពុជា។

ស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ពីការបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេសឡាវ ១៥ថ្ងៃ បន្ថែមទៀត ដើម្បីការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

ស្ថានទូត បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលឡាវ និងត្រូវបន្តរក្សាអនាម័យឲ្យបានល្អ ដោយអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។

បន្ថែមលើសេចក្តីអំពាវនាវខាងលើ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ក៏បានផ្ដល់ជំនួយឧបត្ថម្ភ ជូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះ ក៏មានក្រុមពលករ ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ជាង ៧០០នាក់ ទៅជាង ៨០០នាក់ ក្នុង១ថ្ងៃៗ គឺមានករណីនាំចូលពីក្រៅប្រទេសរាប់រយនាក់ ដែលថ្ងៃខ្លះ ស្ទើរតែពាក់កណ្តាល។ ករណីនាំចូលនោះ សំដៅលើអ្នកដំណើរ ចូលប្រទេសកម្ពុជាតាមយន្តហោះ និងភាគច្រើនជាពលករខ្មែរ ឆ្លងដែនពីប្រទេសថៃ។

ដូច្នេះអំឡុងពេលនេះ បើមិនចាំបាច់ខ្លាំងទេ សូមប្រជាពលរដ្ឋយើង កុំធ្វើដំណើរឆ្លងប្រទេស ហើយបើថា ចាំបាច់ត្រូវវិលត្រឡប់មកកម្ពុជាវិញ ពិសេសបងប្អូននៅថៃ វៀតណាម ឬឡាវ ក៏ត្រូវមកដោយស្របច្បាប់ មានន័យថា ឆ្លងដែនតាមច្រកព្រំដែនត្រឹមត្រូវ ហើយឆ្លងកាត់ការត្រួតពិនិត្យសុខភាព ធ្វើតេស្តរកកូវីដ និងធ្វើចត្តាឡីស័កតាមការកំណត់នៅតាមព្រំដែន។ ធ្វើដូច្នេះ យើងចៀសវាងនាំជំងឺកូវីដ ទៅចម្លងដល់អ្នកផ្ទះ ដោយមិនដឹងខ្លួន៕