នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា នៅថ្ងៃពុធនេះនឹងជួបប្រជុំជាមួយនាយកក្រុមហ៊ុនប្រេងនិងហ្គាសPTT Plc និងក្រុមហ៊ុន King Power រួមទាំងនាយកឈានមុខ៤០រូបទៀត ដើម្បីពិភាក្សាអំពីស្ថានការណ៍កូវីដ១៩និងផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេស។
យោងតាមកាលវិភាគការងាររបស់រដ្ឋាភិបាល លោកឧត្តមសេនីយ៍ប្រាយុទ្ធ នឹងជួបប្រជុំផ្ទាល់នៅម៉ោង២រសៀលជាមួយក្រុមតំណាង PTT Plcនិងពួកនាយកក្រុមហ៊ុនKing Power Groupដែលបានស្នើសុំផ្តល់ជំនួយដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងរបស់រដ្ឋាភិបាលទល់នឹងកូវីដ១៩។
នៅម៉ោង២ និង២០នាទីរសៀលលោកនឹងធ្វើការប្រជុំតាមវីដេអូបន្តផ្ទាល់ជាមួយនាយកប្រតិបត្តិ៤០រូប ដើម្បីពិភាក្សារកវិធីទប់ស្កាត់កូវីដ១៩និងបញ្ហាពាក់ព័ន្ធ។
ការកោះប្រជុំបន្ទាន់នេះកើតឡើងចំពេលថៃធ្លាក់ក្នុងវិបត្តិសុខភាពធ្ងន់ធ្ងរដោយសារការឆ្លងកូវីដកើនដល់ជាង១០.០០០នាក់អស់ប៉ុន្មានថ្ងៃជាប់ៗគ្នា។នៅ២៤ម៉ោងមកនេះ អាជ្ញាធរថៃបានរកឃើញអ្នកកើតកូវីដ១៩ចំនួន១៣.០០២នាក់ និងអ្នកជំងឺកូវីដ១៩ស្លាប់ថែម១០៨នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មាន១.០៤៩នាក់ជាអ្នកទោសក្នុងពន្ធនាគារ។
ក្នុងការផ្ទុះកូវីដ១៩នៅរលកទី៣ដែលចាប់ផ្តើមនៅថ្ងៃ១មេសា មនុស្ស៤១០.៦១៤នាក់បានឆ្លងកូវីដនិង៣.៥១៦នាក់បានស្លាប់។
ចំនួនឆ្លង១៣.០០២នាក់ដែលត្រូវបានប្រកាសកាលបីថ្ងៃពុធ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដោយការឆ្លងខ្ពស់បំផុតកាលពីពេលមុនគឺ១១.៧៨៤នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ៕