នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post គឺបានបញ្ជាក់អោយដឹងថា
ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,០៨២ករណីបន្ថែម ខណៈអ្នកជំងឺចំនួន ១៤១នាក់ ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួន ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
បើតាមក្រសួងសុខាភិបាលថៃ ក្នុង ចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៥៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
ជុំវិញបញ្ហានេះ វិធាន ការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈ ពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៩១,៩៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២៤០នាក់ និងអ្នកជាសះស្បើយ ២៧៨,១៨៤នាក់។
សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមសប្តាហ៍នេះ ថៃសម្រេចបាន ១៣.៥លាន ដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការ ចាក់គ្រប់ដូស៕