កំណើនសេដ្ឋកិច្ចចិនរីកចំរើនបាន៧,៩ភាគរយនៅត្រីមាសទី២

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិនរីកចំរើនយឺតនៅត្រីមាសទី២ ដោយអ្នកប្រើប្រាស់នៅស្ទាក់ស្ទើរក្នុងការចំណាយ និងបណ្តាក្រុមហ៊ុនកំពុងប្រឈមនឹងការឡើងថ្លៃវត្ថុធាតុដើម។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះបានងើបចេញយ៉ាងលឿនពីការធ្លាក់ចុះបង្កឡើងដោយកូវីដ១៩កាលពីឆ្នាំមុន តែល្បឿនរបស់វាបានថយចុះនៅត្រីមាសទី២ ដោយសកម្មភាពផលិតកម្មតាមរោងចក្រយឺតទៅនិងសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក៏ស្ទុះឡើងយឺតជាងការរំពឹងទុក។

ការិយាល័យស្ថិតជាតិបាននិយាយថា កំណើនរបស់ចិនខាងផលិតផលសរុបក្នុងស្រុក(GDP)មានចំនួន៧,៩ភាគរយក្នុងអំឡុងពេលពីខែមេសាដល់មិថុនា ដោយទាបជាងកំណើនកាលពីបីខែដើមឆ្នាំដែលមានចំនួន ១៨,៣ភាគរយ។ទោះជាយ៉ាងណា ការិយាល័យនេះបានបន្ថែមថា សេដ្ឋកិច្ចចិនបានបន្ត«រើបរើថេរ»នៅឆមាសទី១នៃឆ្នាំ២០២១ តែបាននិយាយបែបប្រយ័ត្នប្រយែងថា «មានភាពមិនប្រាកដប្រជាមកពីខាងក្រៅជាច្រើន ព្រមទាំងការរើបរើសេដ្ឋកិច្ចក្នុងស្រុកមិនថេរផងដែរ»។

វាបានបន្ថែមថា«នៅត្រូវការកិច្ចខិតខំច្រើនទៀតដើម្បីពង្រឹងគ្រឹះសំរាប់ការរើបរើនិងការអភិវឌ្ឍមានលំនឹង»៕