លោក ថារ៉ូ អាសូ និយាយថា ជប៉ុនត្រូវតែការពារកោះតៃវ៉ាន់ ប្រសិនបើចិនចូលលុកលុយ

ឧបនាយករដ្ឋមន្ត្រី ថារ៉ូ អាសូ និយាយកាលពីថ្ងៃចន្ទទី៥កក្កដាថា ជប៉ុនត្រូវតែការពារកោះតៃវ៉ាន់ ប្រសិនបើចិនចូលលុកលុយកោះនេះ ដោយលើកឡើងពី”ការគំរាមកំហែងដែលអាចកើតមានដោយផ្ទាល់” ចំពោះសន្តិសុខរបស់ជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ការថ្លែងដ៏ក្លាហានរបស់លោកអាសូ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះបានធ្វើឡើងនៅក្នុងការធ្វើបឋកថាមួយនៅក្នុងកម្មវិធីរៃអង្គាសប្រាក់ខាងនយោបាយសម្រាប់សមាជិកសភាជាប់ឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចនៅកោះអូគីណាវ៉ា។

លោកត្រូវបានដកស្រង់សម្តីដោយនិយាយថា “ប្រសិនបើកោះតៃវ៉ាន់ដួលរលំ កោះអូគីណាវ៉ានឹងដួលរលំតាមក្រោយ។ យើងត្រូវតែគិតអំពីរឿងនេះឱ្យបានខ្លាំងមែនទែននិងត្រៀមកម្លាំងការពាររបស់យើងឱ្យបានខ្ជាប់ខ្ជួន”។

លោកអាសូដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋាភិបាលគឺជាអ្នកនយោបាយជាន់ខ្ពស់របស់ជប៉ុនដែលបានប្តេជ្ញាចិត្តយ៉ាងជាក់លាក់ចំពោះការការពារកោះតៃវ៉ាន់។

ការអត្ថាធិប្បាយនេះធ្វើឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីចិនលោកស៊ី ជិនភីងដែលបានបញ្ឆេះអណ្តាតភ្លើងជាតិនិយមកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលគណបក្សកុម្មុយនីស្តចិន (CCP)ប្រារព្ធពិធីខួប ១០០ ឆ្នាំរបស់ខ្លួន។

លោកស៊ីបាននិយាយថា “គ្មាននរណាម្នាក់អាចមើលស្រាលឆន្ទៈដ៏មុតមាំអស្ចារ្យរបស់ប្រជាជនចិនដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនបាននោះឡើយ”។

លោកបានបន្ថែមថា ការរួបរួមតៃវ៉ាន់វិញដោយកម្លាំងបើចាំបាច់ គឺជា “ការប្តេជ្ញាចិត្តឥតងាករេ” របស់ CCP។

តៃវ៉ាន់ស្ថិតនៅចម្ងាយតែ ១១០ គីឡូម៉ែត្រពីកោះយ៉ូណាហ្គូនី នៅចុងភាគខាងលិចរបស់ជប៉ុន៕