គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក លើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រក្សាទុករថយន្ត រយៈពេល មួយឆ្នាំចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់លើសពី២០% នៃទម្ងន់អនុញ្ញាត។
ការផាកពិន័យនេះ អនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា រថយ ន្តដឹកលើសទម្ងន់ទាំងនោះត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធី ដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូន ឲ្យស្របតាមច្បាប់ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។
ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នក មាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។
លោកទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋា ភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចថា សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិ របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រសួងបានរំលឹកជូនដល់ម្ចាស់រោងចក្រស៊ីម៉ងដូចជា រោចចក្រស៊ីម៉ង់ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។ ដូចនេះសូមម្ចាស់រោងចក្រស៊ីម៉ង ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថ យន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ៕