ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤៣នាក់ និងស្លាប់២នាក់

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤៣នាក់បន្ថែមទៀត និងស្លាប់ ២នាក់ គឺនៅស្រុកជើងព្រៃម្នាក់ និងស្រុកបាធាយម្នាក់។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ៤៣នាក់នេះ មាននៅក្រុងកំពង់ចាម ចំនួន ៤នាក់, ស្រុកវាធាយ ចំនួន៩នាក់,ស្រុកជើងព្រៃ ១០នាក់, ស្រុកព្រៃឈរ ចំនួន ៦នាក់, , ស្រុកកងមាស ចំនួន ៦នាក់ , ស្រុកស្រីសន្ធរ ចំនួន ១នាក់, ស្រុកកំពង់សៀម ចំនួន៣នាក់ មកពីខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ២នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនង នឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្រប តាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕