ទោះជាកំពុងផ្ទុះកូវីដ ថៃចាប់ផ្តើមបើកកោះភូកេតទទួលទេសចរបរទេស

ថៃកំពុងដាក់ក្តីសង្ឃឹមលើការមកដល់នៃភ្ញៀវបរទេសតាមរយៈគំរោង”ប្រអប់ខ្សាច់” ជាម៉ូដែលមួយដែលអនុញ្ញាតអោយជនបរទេសណាដែលចាក់វ៉ាក់សាំងពេញលេញរួចហើយអាចមកកម្សាន្តកោះរមណីយដ្ឋានភូកេតដោយមិនបាច់ធ្វើចត្តាឡីស័ក។

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានបង្ហាញជំនឿថា ទេសចរណ៍របស់ប្រទេសនឹងរស់ឡើងវិញ បើសិនជាគ្របភាគីពាក់ព័ន្ធសំរេចជោគជ័យក្នុងការជំរុញគំរោងផែនការនេះ។យោងតាមរដ្ឋបាលគ្រប់គ្រងកូវីដ១៩ថៃ បើសិនជាមានអ្នកឆ្លងកូវីដ១៩ចំនួន១៥នាក់ឡើងក្នុងចំណោមប្រជាជ១០ម៉ឺននាក់នៅភូកេតក្នុងមួយសប្តាហ៍ នោះគំរោងប្រអប់ខ្សាច់នេះនឹងត្រូវពន្យារពេលឬលុបចោល។

លោកនាយករដ្ឋមន្ត្រីថៃរួមជាមួយមន្ត្រីរបស់លោកកាលពីថ្ងៃព្រហស្បតិ៍បានទៅកាន់កោះភូកេតដើម្បីជួបមន្ត្រីនិងអ្នកស្ម័គ្រចិត្តខាងសុខភាព។ពួកលោកបានទៅកាន់អាកាសយានដ្ឋានអន្តរជាតិភូកេតដើម្បីស្វាគមន៍អ្នកទេសចរមួយក្រុមមានគ្នា៥១នាក់មកពីសិង្ហបុរី។លោកបានស្វាគមន៍ពួកគេជាមួយនឹងឃ្លាថា « សួរស្តី ស្វាគមន៍ការអញ្ជើញមកថៃឡងដ៍»។

សរុប អ្នកដំណើរ៣៤៧នាក់តាមជើងហោះហើរមកពីអ៊ីស្រាអែល អារ៉ាប់រួមអេមីរ៉ាត កាតា និងសិង្ហបុរី បានទៅដល់កោះភូកេតកាលពីថ្ងៃព្រហស្បតិ៍។គួរបញ្ជាក់ថា ថៃម្សិលមិញមានអ្នកស្លាប់ដោយកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតនៅថ្ងៃនេះ គឺ៥៧នាក់ និងមនុស្ស៥.៥៣៣នាក់ទៀតបានឆ្លងកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ៕