មីយ៉ាន់ម៉ា បានពង្រីកវិធានការទប់ស្កាត់កូវីដ១៩ រួមមានការហាមជើងហោះហើរអន្តរជាតិនិងដាក់បំរាមគោចររយៈពេលមួយខែដើម្បីប្រយុទ្ធនឹងកំណើននៃការឆ្លងជំងឺកូវីដ១៩ជាថ្មី នៅពេលប្រទេសនេះបានរកឃើញអ្នកឆ្លង១.៥៨០នាក់កាលពីថ្ងៃពុធ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងរយៈពេល៧ខែមកនេះ។រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះបាននិយាយក្នុងកិច្ចប្រជុំមួយថា ការងើបឡើងវិញនៃការឆ្លងកូវីដ១៩ ត្រូវជំរុញដោយវីរុសបំប្លែងខ្លួនថ្មីៗដែលគេបានរកឃើញនៅមីយ៉ាន់ម៉ាកាលពីខែមុន។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍អ្នកឆ្លងសរុប១៥៧.២៧៧នាក់ រួមមានអ្នកជំងឺកូវីដចំនួន៣.៣៣៤នាក់ស្លាប់ គិតត្រឹមថ្ងៃ៣០មិថុនា។
ចំនួនឆ្លងក្នុងមួយសប្តាហ៍បានកើនទ្វេដងនៅ៦សប្តាហ៍មកនេះ រីឯចំនួនស្លាប់ដោយជំងឺនេះក៏លើកលឿនដែរ។ក្នុងពេលជាមួយគ្នា មីយ៉ាន់ម៉ាកំពុងចរចាទិញវ៉ាក់សាំងកូវីដ១៩Sputnikរបស់រុស្ស៊ីចំនួន៧លានដូស ដើម្បីដោះស្រាយការផ្ទុះកូវីដ១៩រលកថ្មីបន្ទាប់ពីឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏ធំរបស់ខ្លួនកាលពីដំបូង មិនអាចបន្តផ្គត់ផ្គង់តទៅទៀតដោយសារតែបញ្ហាផ្ទុះកូវីដខ្លាំងនៅទីនោះដែរ។ចិនក៏បានផ្តល់វ៉ាក់សាំងដល់មីយ៉ាន់ម៉ាដែរ និងកំពុងចរចាជាមួយចិនសំរាប់វ៉ាក់សាំងបន្ថែម៕