យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថស មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោកឧត្តសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បានប្រកាសថា ប្រទេសអាស៊ានមួយនេះ កំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា Sputnik របស់ប្រទេសរុស្ស៉ីចំនួន ០៧លានដូសបន្ថែមទៀត ខណៈអាជ្ញាធរកំពុងព្យាយាម ប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់ថា «យើងបានធ្វើការចរចា ដើម្បីទិញវ៉ាក់សាំងចំនួន ០៧លានដូសបន្ថែមទៀតពីប្រទេសរុស្ស៉ី»។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើវាជាវ៉ាក់សាំង Sputnik V ឬវ៉ាក់សាំង Sputnik Light ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស ឬយ៉ាងណានោះទេ។
លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់បន្ថែមថា ប្រទេសឥណ្ឌាដែលពីដំបូងឡើយ បានសន្យាផ្គត់ផ្គង់វ៉ាក់សាំង ជាច្រើនលាសដូសដល់មីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ននេះមិនអាចផ្គត់ផ្គង់បន្ថែមទៀតទេ ដោយសារតែការផ្ទុះឡើងនូវករណីឆ្លង ជាច្រើនករណីនៅក្នុងប្រទេសរបស់ខ្លួន។ ប្រទេសចិនក៏បានផ្គត់ផ្គង់វ៉ាក់សាំងមួយចំនួន ហើយយើងក៏បានប្រើប្រាស់ វ៉ាក់សាំងទាំងនោះរួចហើយដែរ។ យើងក៏នឹងបន្តការចរចាជាមួយប្រទេសចិនបន្តទៀតដែរ៕