យានយន្ត ៧២១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹងថា យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៧២១គ្រឿងទៀត ត្រូវបាន នគរបាលទូទាំងប្រទេស ត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនោះ មានម៉ូតូ ៥១១គ្រឿង និងរថយន្ត ២១០គ្រឿង។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ក្នុងឆ្នាំ២០២១នេះ នគរបាល ចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០០,០៩០គ្រឿង ក្នុងនោះមានម៉ូតូ ៧៣,១៦០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៩៣០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ល្មើសសញ្ញា ស្រវឹង និងអត់ស្លាកលេខជាដើម។

ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ ស្លាកលេខ ស្រវឹង ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ លើសចំណុះ អាជីវកម្ម ឆៀកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះ បង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះស្លាប់ ០៣នាក់ របួស ០៦នាក់ (របួសធ្ងន់ ០៤នាក់) ។

រយៈពេល ១៧៣ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,២២២លើក បណ្ដាលឱ្យ មនុស្សស្លាប់ ៦៨៤នាក់ របួស ១,៧៤០នាក់ (របួសធ្ងន់ ១,០០៦នាក់)៕