ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំ មិត្តចិន ជួយការគាំទ្រ និងជំនួយលើវិស័យសាធារណការ ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេក ទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជា ឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវ ក្រោមដី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើយ៉ាងដូចនេះ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយ លោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជំនួបនេះក៏មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូប។
អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពជាសាកលនៃ អង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាពនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីវឌ្ឍនភាពនៃគម្រោង សាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥.០៥% គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុក រយៈពេល៦ខែ ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និង វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករ កម្ពុជា លើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (ATM) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចង់ឃើញការរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់នៅខេត្តសៀមរាប ហើយគណៈប្រតិភូ ដែលត្រូវចូលរួមទាំងអស់ តម្រូវឱ្យទទួលការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។
តបតាមការអញ្ជើញពីមិត្តចិន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានយល់ព្រមចូលរួម សន្និសីទ ស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១។ ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរ ដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវ ល្បឿនលឿនកម្ពុជា។
ជាការឆ្លើយតបលោក Li Xiaopeng ក៏បានយល់ព្រមតាមការអញ្ជើញនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Li Xiaopeng ដែលបានជម្រាបជូនអំពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅ ប្រទេស ចិនមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជាផងដែរ៕