ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍និងវិធានការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ នៅព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះ យុទ្ធនាការនៃការចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមយ៉ាងសស្រាក់សស្រាំ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងម្ចាស់រោងចក្រសហគ្រាស ទាំងអស់។
បើតាមប្រសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថា តាមរយៈការចុះពិនិត្យដោយផ្ទាល់ នៅរោងចក្រចំនួន៣នាព្រឹកនេះ ក្នុងរាជធានីភ្នំពេញ បានមើលឃើញថា ក្រុមការងារចំពោះកិច្ច បានសហការគ្នាយ៉ាងល្អ ជាមួយម្ចាស់រោងចក្រ ម្ចាស់តំបន់ និងក្រុមគ្រូពេទ្យ ក្នុងការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជូនបងប្អូនកម្មករ កម្មការិនី ជាពិសេសបងប្អូនកម្មករ កម្មការិនី បាននាំគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះផងដែរ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមផែនការយើងកំណត់ ចាក់ជូនម្ដងក្នុងមួយរោងចក្រ ទៅតាមចំនួនកម្មករ កម្មការិនី ដែលមាននៅក្នុងរោងចក្រនីមួយៗ ប៉ុន្តែការចាក់ជូននេះ ត្រូវបានកំណត់ទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពោលគឺរក្សាលំហូរទៅតាមដំណាក់កាល និងរក្សាគម្លាតយ៉ាងត្រឹមត្រូវបំផុត។
ឯកឧត្តម អ្នកនាំពាក្យក៏បានបញ្ជាក់ផងដែរថា បើតាមផែនការដែលបានកំណត់ នៅក្លឹប MHIនេះ ត្រូវចាក់ជូនឱ្យបាន១ពាន់នាក់ នៅតំបន់កាណាឌីយ៉ា៨រយនាក់ និងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចំនួន១ពាន់៤រយនាក់ ក្នុងថ្ងៃបើកយុទ្ធនាការដំបូងនេះ។
ឯកឧត្តមបន្ថែមថា នៅថ្ងៃសុក្រខានស្អែកនេះ នឹងបន្តបើកយុទ្ធនាការ នៅកាន់រោងចក្រ៤ទៅ៥តំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ដែលគិតជាមធ្យមយើងអាចចាក់ជូនបានប្រមាណជា៥ពាន់នាក់ក្នុងមួយថ្ងៃ។ ហើយនៅសប្តាហ៍ក្រោយទៀត ក៏គ្រោងនឹងពង្រីកឲ្យបានកាន់តែច្រើន ដែលក្នុងមួយថ្ងៃអាចនឹងចាក់ជូន បងប្អូន កម្មករ កម្មការិនីប្រមាណជា១ម៉ឺននាក់ក្នុង១ថ្ងៃ។
យ៉ាងណាក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា ជាវិធានការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹង ដល់រោងចក្រសហគ្រាសទាំងអស់ ឲ្យមានការរៀបចំផ្ដល់ជាអាកុលជែលលាងដៃ ដល់បងប្អូនកម្មករកម្មការិនី ហើយគ្រប់ច្រកចេញចូលទាំងអស់ គឺផ្ដល់ឲ្យតែបងប្អូនកម្មករ កម្មការិនី ចេញចូលតែប៉ុណ្ណោះ។ រាល់ការចេញចូលក៏ត្រូវតែវាស់កំដៅ២ទៅ៣ដង រួមទាំងផ្ដល់ម៉ាក់ជូនជារៀងរាល់ថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ទៅក្នុងរោងចក្រទាំងអស់។
ឯកឧត្តមបានបញ្ជាក់ទៀតថា បើទោះជាយើងផ្ដើមចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករកម្មការិនី ក៏ពិតមែន ប៉ុន្តែក៏យើងមិនភ្លេចនូវវិធានការ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាលនោះដែរ ទោះជាបានទទួលការចាក់រួចរាល់នូវដំណាក់កាលទី២ហើយក្តី ។ យ៉ាងណាក្រសួងនឹងបន្តជំរុញឲ្យមានការចូលរួមប្រកាន់ខ្ជាប់វិធានការ អនាម័យ និង ៣ការពារ ៣កុំឲ្យបានម៉ឹងម៉ាត់បំផុត។
ទាក់ទិននឹងការទទួលបានវ៉ាក់សាំងកូវីដ១៩នេះ បងប្អូន កម្មករ កម្មការិនី ទាំងអស់ បានសម្តែងសេចក្តីត្រេកអរ រីករាយក្រៃលែង ព្រោះវាជារនាំងថ្មីមួយបន្ថែមទៀត ក្នុងការការពារខ្លួន គ្រួសារនិងសង្គមជាតិ ពីជំងឺកូវីដ១៩ ហើយពួកគាត់បានប្តេជ្ញា នឹងបន្តអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីការពារខ្លួន ពីជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតយ៉ាងសាហាវនៅក្នុងសហគមរបស់យើង និងពិភពលោកទាំងមូល។
សូមបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្មករ កម្មការិនី ចំនួន២០ម៉ឺនដុសនៅក្នុងខែមេសានេះ នឹងបន្តទៅកាន់គោលដៅខេត្តកណ្ដាលឱ្យបានទាន់ពេលវេលា ហើយបន្ទាប់ពីនោះនឹងបើកយុទ្ធនាការទៅកាន់ខេត្ត ព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ដែលត្រូវបានកំណត់ជាខេត្តអត្តភាពបន្ទាប់ពីរាជធានីភ្នំពេញ៕