ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង ធ្វើការពិចារណាព្យាបាលអ្នក ជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមគេហដ្ឋានបន្ថែមពីការព្យាបាលនៅតាមមន្ទីរពេទ្យ។ សម្តេចតេជោ បញ្ជាក់បែបនេះ គឺក្នុងករណីអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅតែបន្តកើនឡើង និងចំនួនអ្នកឆ្លងចេះតែបន្តកើនឡើង។ មន្ទីរពេទ្យរបស់យើង មិនអាចឆ្លើយតបទៅនឹងចំនួនអ្នកជំងឺ កើនឡើងខ្ពស់បានទេ ។
ក្នុងន័យនេះ សម្ដេចតេជោ ស្នើឲ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ រៀបចំក្រមប្រតិបត្តិ ឲ្យបានច្បាស់លាស់និងត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យអ្នកជម្ងឺ covid-19 ព្យាបាលនៅផ្ទះ។ ការព្យាបាលអ្នកជំងឺនៅផ្ទះ មិនមែនមានន័យថាប្រជាពលរដ្ឋជាបាលដោយខ្លួនឯង រឺទិញថ្នាំខ្លួនឯងនោះទេ ប៉ុន្តែក្រុមគ្រូពេទ្យ នៅតែមានតួនាទីសំខាន់ក្នុងការផ្ដល់ថ្នាំ និងព្យាបាលអ្នកជំងឺ។ ការព្យាបាលនៅផ្ទះនោះទៀតសោតក៏ត្រូវពិនិត្យមើលលើកត្តាសំខាន់ចំនួនពីរ ទី១. អ្នកជំងឺត្រូវតែ ឋិតក្នុងកម្រិតស្រាល ទី២. អ្នកជម្ងឺមានលំនៅឋានសមរម្យដែលមិនបង្ក ឱ្យមានការឆ្លងទៅ ដល់សមាជិកក្រុមគ្រួសារផ្សេងទៀតបាន។
សូមជម្រាបថា គិតមកដល់ពេលនេះ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ នៅមិនទាន់ថមថយនៅឡើយទេ ខណៈដែលការឆ្លងក្នុងសហគមន៍នេះបានកើនដល់២២២២នាក់ ត្រឹមតែអស់រយៈពេលជាង១ខែ៕