រកឃើញអ្នកឆ្លងកូវីដ-១៩ នៅផ្សារអូរឬស្សីចំនួន ១៦នាក់ អាជ្ញាធរព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

ភ្នំពេញ ៖ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី នារាជធានីភ្នំពេញ ចំនួន ១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។

លោក លឹម សុភា អភិបាលខណ្ឌ ៧មករា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

គួរជម្រាបថា អាជ្ញាធររាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក៕