ចង់ធ្វើដំណើរក្នុងម៉ោងបំរាមគោលចរនៅភ្នំពេញត្រូវមានលិខិតបញ្ជាក់ពីអង្គភាព ឬក្រុមហ៊ុន

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ជាថ្មីបន្ថែមពីលើវិធានការដ្ឋបាលផ្អាកការចរាចរណ៍បណ្តោះអាសន្ន ថា បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង ៨យប់ ត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរក្នុងម៉ោងហាមឃាត់។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ បន្ទាប់ពីមានចម្ងល់ពីសំណាក់ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុនជាច្រើនដោយពួកគេខ្លាចត្រូវសមត្ថកិច្ចហាមឃាត់ ឬត្រូវផាកពិន័យ។

លោក ឃួង ស្រេង គូសបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមានបុគ្គលិកដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាល ជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលិកដាក់តាមខ្លួនពេលចេញពីធ្វើការ ដើម្បីសមត្ថកិច្ចតាមគៅលដៅងាយស្រួលត្រួតពិនិត្យ ។ ក្នុងករណីរកឃើញ ជាការភូតកុហក់ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»៕