ភ្នំពេញដាក់បំរាមគោចរ និងបិទគ្រប់អាជីវកម្ម កាប្រមូលផ្តុំ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៥ភ្លឺ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺរយៈពេល ២សប្តាហ៍ ។

តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។

ចំណែក ប្រការ២ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន។

រីឯប្រការ៣ នៃសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវការប្រមូលផ្តុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង ចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ លើកលែងតែ ចំពោះករណីដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គល ដែលពាក់ព័ន្ធដោយផ្ទល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
– ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕