ភ្នំពេញ ៖ ក្នុងរយៈពេលតែជាង ១ខែប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជំងឺនេះកើនឡើងរហូតដល់ចំនួន ១៤នាក់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះស្រ្តីខ្មែរអាយុ ៥៦ឆ្នាំម្នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ នេះ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅយប់មិញនេះ។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ ១៩ រូបនេះរស់នៅ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ វេលាម៉ោង ១៦:៥០ នាទីល្ងាច។
ក្រសួងសុខាភិបាលឲ្យដឹងថា ស្ត្រីរកឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ហើយគាត់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅថ្ងៃដដែលនោះ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។
ដោយឡែក នៅថ្ងៃដដែលនេះដែរ មាននារីវ័យ២៨ឆ្នាំម្នាក់ទៀតរស់នៅក្នុខណ្ឌឫស្សីកែវ ក៏បានស្លាប់ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ផងដែរ ។ បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា នារីរូបនេះ បានស្លាប់ដោយសាររលាកសួតធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមកម្រិត ១ ប្រចាំកាយ៕