វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសបានប្រគល់ជូនកម្ពុជារួចរាល់ហើយ

ភ្នំពេញ ៖ នៅវេលាម៉ោង ១១ ៖ ០០យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួចហើយ ក្នុងនោះ ក្រសួងការពារជាតិនឹងទទួលបាន ៣០ម៉ឺនដូស និងចំនួន ៤០ម៉ឺនដូសទៀតប្រគល់ជូនក្រសួងសុខាភិបាល។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន បានប្រគល់វ៉ាក់សាំង នេះជូនរួចរាល់ហើយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងចំនួន ៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រួមមាន ៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕