ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។ នេះបើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។
មន្ទីរពេទ្យ នគរទេព បានសាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយមាន លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។ មន្rទីពេទ្យនេះ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។
ទោះជាយ៉ាងនេះក្តី រហូតមកទល់រសៀលថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ ពុំមានប្រភពព័ត៌មានណាមួយបង្ហាញអំពីតម្លៃនៃការទិញមន្ទីពេទ្យ”នគរទេព” នោះនៅឡើយទេ៕