ខេត្តក្រចេះ ៖ មនុស្សប្រុស,ស្រី ជាង៦០នាក់ នៅខេត្ត ក្រចេះ ត្រូវបានអាជ្ញាធរស្រាវជ្រាវឃើញថាបានប៉ះពាល់ដោយផ្ទាល់និងប្រយោល ជាមួយនិងលោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ មានតួនាទីជាប្រធានការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលត្រូវបានរកឃើញវិជ្ជមាន កូវីដ១៩កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ហើយមនុស្សប្រុស,ស្រីទាំងនោះ ត្រូវបានអាជ្ញាធរខេត្តក្រចេះ តម្រូវឱ្យធ្វើចត្តាឡីស័ក។
ជាមួយនិងការរកឃើញមេរោគកូវីត១៩ ដែលវិជ្ជមានទៅលើខ្លួន លោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានគ្លីនិកឯកជនមួយកន្លែងនៅកណ្តាលក្រុងក្រចេះ ត្រូវបានអាជ្ញាធរខេត្ត បានសម្រេចចុះទៅបិទដំណើរការបណ្ដោះអាសន្នទាំងយប់ នៅយប់ថ្ងៃទី២៤ខែមីនា ក្រោយពីស្រាវជ្រាវ ដឹងថា មានមន្ដ្រីនគរបាលម្នាក់នេះ ដែលកើតជំងឺកូវីដ-១៩ ធ្លាប់បានទៅសម្រាកព្យាបាលជម្ងឺនៅគ្លីនិកឯកជនមួយនេះក្នុងអំឡុងពេលដែលរូបគេកំពុងផ្ទុកមេរោគ។
ជាមួយគ្នានេះ ក៏មានមនុស្សចំនួន ៣៦នាក់ស្រី២៣នាក់ ក្នុងនោះ បុគ្គលិកពេទ្យ១១នាក់ ស្រី៤នាក់អ្នកជំងឺ ១០នាក់ ស្រី៩នាក់ អ្នកថែទាំអ្នកជំងឺ ១៥នាក់ ស្រី១០នាក់ ដែលធ្វើការនៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព ព្រាបស សុទ្ធសឹងជាអ្នកពាក់ព័ន្ឋដោយផ្ទាល់ឬដោយប្រយោល ត្រូវបានអាជ្ញាធរកំណត់ឱ្យពួកគេធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យឯកមួយនេះ ហើយត្រូវបានក្រុមគ្រូពេទ្យ នាំយកសំណាកពួកគេទៅត្រួតពិនិត្យផងដែរនៅថ្ងៃទី២៥ ខែមីនា នេះ។
ក្រៅពីបុគ្គលិក ក្រុមគ្រូពេទ្យដែលធ្វើការនៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព ព្រាបស ក្នុងនោះក៏មានក្រុមគ្រួសារ លោក វ៉ាន់ ណាក្រូ រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ក៏ត្រូវបានអាជ្ញាធរស្រាវជ្រាវឃើញថា មានការពាក់ព័ន្ធជាមួយ លោក វ៉ាន់ ណាក្រូ ខណៈដែលគ្រួសាររបស់មន្ត្រីនគរបាលរូបនេះ បានមកមើលថែទាំអ្នកជំងឺ នៅក្នុងគ្លីនិក ព្រាបស ហើយអាជ្ញាធរក៏តម្រូវឱ្យអ្នកទាំងនោះធ្វើចត្តាឡីស័កផងដែរ។
សូមជម្រាបថា លោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩កាលពីល្ងាចថ្ងៃទី២៤ ខែមីនា។ ហើយកាលពីថ្ងៃទី២២ ខែមីនា មន្រ្តីនគរបាលរូបនេះបានមកលេងប្រពន្ឋនៅស្រុកកំណើរនៅឯខេត្តក្រចេះ ហើយបានកើតអាការៈមិនស្រួលខ្លួនក៏បានចូលទៅដេកសម្រាកព្យាបាលនៅគ្លីនិកឯកជន ព្រាបស រយៈពេលមួយយប់។
ទន្ទឹមនិងអ្វីដែលជាការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នេះផងដែរ សាលាខេត្តក្រចេះនៅថ្ងៃទី២៥ ខែមីនា នេះបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យនិងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។ ព្រោះថា លោក វ៉ាន់ ណាក្រូ ដែលមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩ ក្រៅពីបានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យា បាល និងសម្ភពព្រាបស ខណៈដែលភរិយារបស់លោកបានចូលក្នុងផ្សារក្រចេះផងដែរ ៕