ភ្នំពេញ ៖ ក្នុងសារលិខិតអបអរសាទរទិវាវប្បធម៌ជាតិ៣ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីការរីករាលដាលនៃជំងឺឆ្លងកូដ១៩នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានៅ តែបង្ហាញឆន្ទៈដ៏រឹងមាំ ក្នុងការបន្តរៀបចំតាមបែបបទនៃការ រស់នៅបែបថ្មីនៃ “ទិវាវប្បធម៌ជាតិ ” ដែលជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំ ហើយដែលត្រូវបានរៀបចំឡើងចំនួន ២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសា សន៍ថា ស្របតាមការរស់នៅ ក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បៈអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។ សម្រាប់ឆ្នាំ២០២១នេះ ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣” នៅតែមានសារៈសំខាន់និងស្របតាមបរិបទប្រជាសាស្ត្រ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានបង្ហាញឱ្យឃើញថា ប្រជាជនវ័យកណ្តាលដែលមានអាយុចាប់ពី១៥ ដល់៥៩ឆ្នាំ គឺមានការកើនឡើងរហូតដល់៦១,៧% ដែលក្នុងនោះ ក្រុមយុវជនមានអាយុចាប់ពី១៥ ដល់៣០ឆ្នាំ ជាផ្នែកមួយដ៏ធំធេង។
សម្តេចបន្តថា កម្លាំងយុវជនគឺជា សក្តានុពលធនធាន មនុស្សដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍ វប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិផងដែរ។
ស្ថិតក្នុងបរិបទនៃការរីកចម្រើនជាសកល ផ្នែកឌីជីថលនៅក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែត្រូវមានការអប់រំ ការបណ្តុះបណ្តា លជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកប ដោយគុណភាពនិងសមធម៌ប៉ុណ្ណោះ តែក៏ត្រូវទទួលបានការចូលរួមយ៉ាងពេញលេញ ក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គមនិងទិដ្ឋភាពសេដ្ឋកិច្ចសម្រាប់ទិដ្ឋភាពសង្គម យុវជនកម្ពុជាត្រូវទទួលបាននូវការលើកទឹកចិត្តនិងការបណ្តុះស្មារតីស្នេហាជាតិ ស្នេហាប្រជាជន និងស្នេហាវប្បធម៌ជាតិ ដោយត្រូវរួមចំណែកយ៉ាង សកម្មក្នុងការអភិរក្ស ការផ្សព្វផ្សាយ និងការលើកស្ទួយតម្លៃវប្បធម៌និងសិល្បៈជាតិ ចៀសវាងនូវការភ្លើតភ្លើន ភ្លេចខ្លួន បំផ្លាញវប្បធម៌ជាតិខ្លួនឯងផ្ទាល់។
ដោយឡែក សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចវិញ យុវជនត្រូវចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងសកម្មភាពគាំទ្រការផ្តួចផ្តើមនិងគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានរក្សាការពារអត្តសញ្ញាណជាតិ និងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើងថែមទៀត ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌ឱ្យកាន់តែរីកចម្រើន ដោយយកចិត្តទុកដាក់រក្សាលំនឹងនៃការអភិវឌ្ឍផ្នែកសិល្បៈវប្បធម៌ទន្ទឹមគ្នាជាមួយការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា៕