កាស៊ីណូ Naga World ផ្អាកអាជីវកម្មបណ្តោះអាសន្នក្រោយរកឃើញកូវីដ-១៩ចំនួន១១ករណី

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន Naga Corp Ltd. បានចេញសេចក្តីជូនដំណឹងថា កាស៊ីណូ Naga World នៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិកនិងភ្ញៀវ ដែលចូលមកលេងនៅកាស៊ីណូ។

បើតាមសេចក្តីជូនដំណឹងក្រុមហ៊ុន Naga World បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ ៣.០០០នាក់ ត្រូវបានតេស្តសំណាករកវីរុសកូវីដ-១៩ និងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ចំនួន ១១ករណីដែលជាបុគ្គលិក និងភ្ញៀវទេសចរ។ ក្រោយទទួលលទ្ធផលក្រុមហ៊ុនNaga Worldស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឲ្យហ្មត់ចត់បន្ថែមទៀតអំពីវិធានការបង្ការនិងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់។

ជាមួយគ្នាក្រុមហ៊ុនNaga World បញ្ជាក់ថា ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាព និងវិធានការការពារជំងឺកូវីដ-១៩បានល្អប្រសើរឡើងវិញ៕