ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានឱ្យវិទ្យុជាតិកម្ពុជាដឹងថា នៅក្រុងព្រះសីហនុថ្ងៃទី០១ខែមីនាឆ្នាំ២០២១នេះ មានភ្លៀងកក់ ខែក្នុងកម្រិត ៧៨.៨ មីលីម៉ែត្រ ធ្វើឱ្យសំរាមហូរតាមអូរ មកជាប់នៅទីតាំងចាក់សំរាមអូរស្ដេចមឹកច្រើនគួរសម ដែលធ្វេីឱ្យមានការស្ទះមុខទឹកតិចតួច ។ ឯកឧត្ដមបន្តថា ប៉ុន្តែភ្លាមៗនេះមន្ត្រីជំនាញបានយកគ្រឿងចក្រទៅកាយសំរាម និងសម្រួលប្រព័ន្ធផ្លូវទឹកឱ្យហូរបានលឿនជាធម្មតាវិញហេីយ ។
សូមបញ្ជាក់ថា អូរស្តេចមឹកនេះ គឺជាប្រឡាយមេចុងក្រោយ បន្ទាប់ពីអាងចម្រោះទឹក ដែលទទួលរងពីអូរឬប្រឡាយមេធំៗខាងលេីប្រមាណ៥ខ្សែ ហេីយប្រជាពលរដ្ឋតែងតែបោះសំរាមចូលក្នុងប្រឡាយ គឺឱ្យតែមានភ្លៀងមកម្តងៗតែងតែមានសំរាមជាប្រចាំ។
ឯកឧត្ដម គួច ចំរេីន បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចអាជីវករ សូមមេត្តាទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងវេចខ្ចប់ឱ្យបានស្រួលបួលផង សូមកុំបោះសំរាមចោលពាសវាលពាសកាល ដែលបង្កឱ្យមានការលិចលង់និងលំបាកទាំងអស់គ្នា ដូចនេះសុំឱ្យមានការចូលរួមទាំងអស់គ្នា៕ ដោយ ៖ មនោរាហ៍