ភ្នំពេញ ៖ ករណីប្លន់ប្រដាប់អាវុធក្នុងភូមិគ្រឹះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដែលក្រុមជនល្មើសបានរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងអ្នកបម្រើ ២នាក់តាមក្រោយ ។ នេះបើតាមព័ត៌មានដែលទទួលបានបឋមនៅក្រោយពេលកើតហេតុភ្លាមៗ។
តាមព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា ជនល្មើសមានគ្នា ៥នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកធ្លាប់ធ្វើស្នាក់ នៅធ្វើការ និងធ្លាប់បើកឡានឲ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។ ក្រោយមកជនល្មើសទាំង ២នាក់នោះ បានមកសុំជនរងគ្រោះស្នាក់នៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រម ទើបជនល្មើសម្នាក់បែកគំនិត ក៏រៀបចំផែនការប្លន់ជំរិតទារប្រាក់ ១លានដុល្លារតែម្តង ដោយរកបានបក្ខពួក ៣នាក់ថែមទៀត។
សំណាងល្អដែរ ! មនុស្សម្នាក់ក្នុងចំណោមគ្នីគ្នា ២នាក់នេះដែលស្គាល់ម្ចាស់ផ្ទះ មិនព្រមចូលរួមសកម្មភាពនេះទេ ហើយក៏រាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ច រហូតអាវុធហត្ថបានត្រៀមកម្ចាត់តាំងពី ៣ថ្ងៃមុនមកម្ល៉េះ។ ជនល្មើសទាំងនេះជាជនជាតិខ្មែរ មានកាំភ្លើងខ្លី ២ដើម និងអាកាមួយដើម។ ក្រុមជនល្មើសរៀបគម្រោងប្លន់ និងជំរិតប្រាក់ ១លានដុល្លារ និងសម្លាប់ម្ចាស់ផ្ទះទាំងប្តី ប្រពន្ធ រួមនិងអ្នកបម្រើ ២នាក់ទៀតផង។ ចំណែក អត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់បង្ហាញឲ្យស្គាល់នៅឡើយទេ។
ដោយសារគម្រោងប្លន់នេះ ត្រូវបានមនុស្សល្អម្នាក់ ក្នុងចំណោមគ្នីគ្នា ៥នាក់ បានលួចរាយការណ៍ជាមុនដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ចរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បានត្រៀមបើកប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្នចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ប៉ុន្តែជនល្មើសទាំង ៤នាក់ ដែលប្រើប្រាស់កាំភ្លើងវែង AK ១ដើម និងកាំភ្លើង ២ដើម បានដឹងថាខ្លួនស្ថិតក្នុងការឡោមព័ទ្ធរបស់សមត្ថកិច្ច ក៏បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតទៅវិញ បណ្តាលឲ្យក្រុមជនល្មើសទាំង ៤នាក់ បានស្លាប់នៅនឹងកន្លែង។
ព័ត៌មានលម្អិត នឹងផ្សាយនៅពេលបន្ទាប់ដែលផ្តល់ដោយមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញុ៕