សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអគ្គអន្តោប្រវេសន៍ដកបម្រាមលើការដឹកទំនិញចេញចូលជាមួយប្រទេសជិតខាង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានចេញបទបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ឲ្យដកបម្រាមការដឹកទំនិញទៅកាន់ប្រទេសជិតខាងពិសេសថៃ និងវៀតណាម។ ការបញ្ជានេះ ធ្វើឡើងតាមរយៈសារជាសម្លេងផ្ញើជូនទៅអភិបាលខេត្តនៅជាប់ព្រំដែនកម្ពុជា។

ក្នុងសារជាសម្លេងផ្ញើទៅកាន់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានការបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍ហាមឃាត់ការដឹកទំនិញចេញចូលជាមួយប្រទេសជិតខាងទេ។

វិធានការរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នៅតាមព្រំដែន និងការធ្វើចត្តាឡីស័កឲ្យបាន ត្រឹមត្រូវសម្រាប់ចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការនាំចូលជំងឺពីប្រទេសជិត ខាង។ ប៉ុន្តែការដឹកទំនិញ និងការរកស៊ី ទិញដូរ ជាមួយប្រទេសជិតខាងនៅតែធ្វើ ជាធម្មតាដដែល គ្មានអ្វីប្រែប្រួលនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ឲ្យដកបំរាមលើការហាមឃាត់ការដឹកទំនិញទៅកាន់ប្រទេសជិតខាងពិសេសថៃ និងវៀតណាម ប្រសិនបើក្រសួងមហាផ្ទៃបានចេញរួចនោះ។ បទបញ្ជារបស់សម្តេចតេជោ នៅពេលធ្វើឡើង ក្រោយពីសម្តេចបានទទួលព័ត៌មានថា អគ្គនាយកដ្ឋានអន្តោប្រវេសន៏ បានដាក់បទបញ្ជាទៅតាមខេត្តព្រំដែនកម្ពុជា-ថៃ ពិសេសច្រកប៉ៃលិន ថាមិនឲ្យកសិករដឹកកសិផល ទៅកាន់ប្រទេសថៃដូចពីមុនទេ ដោយចាប់អនុវត្តពីថ្ងៃស្អែកនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់មន្ត្រីនៅតាមព្រំដែន ឲ្យបង្កើនសកម្មភាពទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចេញ និងចូលប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។

សម្តេចតេជោ កន្លងទៅក៏ បានដកអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃ។ បើតាមសម្តេច មេខ្យល់មិនតិចជាង៣០នាក់នោះទេ ដែលសមត្ថកិច្ចបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ៕