ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៧កន្លែងហើយ ដែលបានបិទជាបណ្តោះអាសន្នដើម្បីយកសំណាកទៅធ្វើតេស្ត និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ–១៩នេះ ដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចញពីទីតាំងទាំង ៤៤នេះ។
លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។
លោក ឃួង ស្រេង បានបញ្ជាក់ថា កិច្ចប្រចាំការខាងលើនេះត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩នេះ។
នៅព្រឹកថ្ងៃដដែលនេះដែរ ឯ.ឧ អភិបាលក៏បានចែកម៉ាស់រាប់ម៉ឺនមាស់ទៅដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ផ្សាររដ្ឋ កងកម្លាំង មន្ទីរសុខាភិបាល ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមក្នុងរាជធានីភ្នំពេញ៕