ក្រសួងទេសចរណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវក្នុងការិយាល័យធ្វើការ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នេះ ស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ។

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ ក្នុងអំឡុងពេលនៃ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ដែលចេញចូល មកបំពេញការងារ ក៏ដូចជាមានភារកិច្ចមកទំនាក់ទំនងការងារ នៅទីស្តីការក្រសួង ទេសចរណ៍ ត្រូវចូលរួមសហការអនុវត្តនូវវិធានសុវត្ថិភាពដូចខាងក្រោម ៖

១. ត្រូវអនុញ្ញាតឲ្យសន្តិសុខ ឬមន្ត្រីប្រចាំការនៅច្រកទ្វារចូលទីស្តីការក្រសួងទេសចរណ៍ ធ្វើការត្រួត ពិនិត្យ វាស់កំដៅ បាញ់អាកុល និងសម្លាប់មេរោគ (ដោយប្រើប្រាស់ឧបករណ៍វាស់កំដៅ ប្រដាប់ បាញ់អាកុល និងទូរសម្លាប់មេរោគ )។

២.ត្រូវលាងដៃ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ) ក្នុងកំឡុងពេលបំពេញការងារ ចូលរួមកិច្ចប្រជុំ ជំនួបពិភាក្សាការងារ និងទំនាក់ទំនងការងារផ្សេងៗនៅក្នុងទីស្តីការក្រសួងទេសចរណ៍។

៣.ផ្អាកការប្រើប្រាស់ជណ្តើរយន្តជាបណ្តោះអាសន្នមួយរយៈចំពោះកិច្ចប្រជុំណាដែលមិនសូវចាំបាច់ ឬបន្ទាន់ ស្នើផ្លាក ឬលើកពេលសិន ។

៤. ត្រូវរៀបចំកិច្ចប្រជុំ គឺអាចរៀបចំតាមប្រព័ន្ធអនឡាញ (Online) ឬរៀបចំប្រជុំនៅទីតាំងធំទូលាយ កំណត់ចំនួនអ្នកចូលរួមមិនឲ្យលើស ០៧នាក់ កន្លែងអង្គុយត្រូវរៀបចំឲ្យឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ កន្លះ ទៅ ២ម៉ែត្រ ហើយបើក្នុងករណីចាំបាច់ដែលចៀងវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាការល្អ។

៥.ការប្រាស្រ័យទាក់ទងគ្នា គឺអាចធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអនឡាញ (Online) រាល់ឯកសារចូលទាំងអស់ ត្រូវបាញ់សម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុននឹងធ្វើកំណត់បង្ហាញចូល។

៦. បញ្ជូនទៅតាមគោលដៅ។

៧. មន្ត្រីទទួលឯកសារ ត្រូវពាក់ម៉ាស់ ពាក់ស្រោមដៃ និងឧស្សាហ៍លាងដៃនឹងទឹកអាកុល ឬជេល។

៨.ការបញ្ជូនលិខិតរដ្ឋបាល ឬលិខិតផ្ទៃក្នុងក្រសួង ទៅថ្នាក់ដឹកនាំ និងនាយកដ្ឋានជំនាញត្រូវធ្វើតាម ប្រព័ន្ធអនឡាញ (Telegram) មួយរយៈសិន លើកលែងតែលំខិត ឬឯកសារណាដែលសំខាន់ និង ចាំបាច់ ត្រូវសុំគោលការណ៍ ការណែនាំ ការសម្រេច និងចុះហត្ថលេខាពីថ្នាក់ដឹកនាំ។

៩.លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការលើកកម្ពស់វិធានអនាម័យ វិធានសុវត្ថិភាព ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទទួលបានសេចក្តីណែនាំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាម ខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕