ភ្នំពេញ ៖ ក្នុងដំណាក់កាលដំបូង ចំនួន១លានដូស។ នេះបើតាមលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ជាមួយ ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា កាលពីរសៀលម្សិលម៉ិញ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូង ចំនួន១លានដូស។
លោកបានគូសបញ្ជាក់ ថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១សែនដូសដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។
ឯកឧត្តម ចៃហ្សានកា បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថាបច្ចប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ ឯកឧត្តម បានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព ឯកឧត្តម នឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស នេះជូនឯកឧត្តមនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង៕