ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមឱ្យពិនិត្យពិច័យ និងប្រយ័ត្នប្រយែងឱ្យបានខ្ពស់មុននឹងចែកចាយព័ត៌មានណាមួយ ដើម្បីកុំឱ្យប្រឈមនឹងការទទួលខុសត្រូវលើទោសទណ្ឌ ព្រោះតែការចែកចាយព័ត៌មានមិនពិត បំផុសបំផុលឱ្យវឹកវរក្នុងសង្គម។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានពិនិត្យឃើញមានមនុស្សជាច្រើនបានចែកចាយព័ត៌មានមិនពិ តពាក់ព័ន្ធនឹងព័ត៌មានថា «មានអ្នកគ្រូម្នាក់បានស្លាប់ព្រោះចាក់វ៉ាក់សាំងស៊ីណូហ្វាម» បំភ្លៃដោយដោយបុគ្គលឈ្មោះ «សឺន ហាយ» កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ លោក គឹម សន្តិភាព បានបញ្ជាក់ថា ការបង្ហោះព័ត៌មានបែបនេះ ជាការចេតនាមួយក្នុងការញុះញង់នាំឱ្យមានភាពវឹកវរនៅក្នុងសង្គម។ លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធការស្លាប់ពាក់ព័ន្ធការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់មិត្តចិន គឺជាការផ្សព្វផ្សាយដែលមានគោលបំណងមួយច្បាស់លាស់ណាស់ក្នុងគោលបំណងបង្កឱ្យមានភាពវឹកវរក្នុងសង្គមតែម្តង ធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យមន្ត្រីរាជការ ធ្វើឱ្យយើងទាំងអស់គ្នានៅក្នុងសង្គមមានបញ្ហានៅក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា រួមទាំងអ្នកបានទទួលវ៉ាក់សាំងកន្លងមកផង។
ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ លោករដ្ឋលេខាធិការពន្យល់ថា នេះគឺជាការញុះញង់ដែលគេកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤។ ការញុះញង់ គឺជាការសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ។
យោងតាមមាត្រា៤៩៥ បានកំណត់ថា បើការញុះញង់នោះ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល៕