ក្រសួងការងារ និងក្រុមហ៊ុន ៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន

ភ្នំពេញៈ ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន ៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន ហើយដែលឱកាសការងារនេះនឹងរៀបចំឡើងក្នុងកម្មវិធី “កិច្ចសម្ភាសន៍ប្រចាំខែ” នៅថ្ងៃទី ១៧ ខែកុម្ភៈនេះ សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងកាលពីថ្ងៃទី ១៦ កុម្ភៈ ថា ក្រុមហ៊ុនធំៗទាំង ៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសន៍នាខែកុម្ភៈ ដើម្បីជ្រើសរើសបុគ្គលិកនេះរួមមានក្រុមហ៊ុនធានារ៉ាប់រង Manulife ក្រុមហ៊ុន Vital និងធនាគារ ABA Bank។
តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធី “កិច្ចសម្ភាសន៍ប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងរកការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅ ១ កន្លែង។

ក្រសួងបញ្ជាក់ថា៖ «សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៍ចាប់ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាចនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»៕